(ព្រះសីហនុ)៖ ថ្លែងសារចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការដោះលែងមនុស្សទាំង៧២នាក់ ដែលបាញ់បោកទៅគាំទ្រក្រុមក្បត់ជាតិ សម រង្ស៉ី មិនមែនដោយសារសម្ពាធពីបរទេសឡើយ ពោលដោយសារតែសម្ដេចអាណិតអ្នកទាំងនោះ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើចង់សាកថា ការដោះលែងនេះដោយសារតែសម្ពាធបរទេស សម្ដេចនឹងចាប់ខ្លួនអ្នកទាំងអស់នោះត្រឡប់ចូលពន្ធនាគារវិញ ព្រោះថាការដោះលែងនេះ ជាការដាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយសំណុំរឿងមិនទាន់បញ្ចប់ទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះរខេករខាកប៉ុណ្ណឹងហើយ ហ៊ានបង្ហោះថា ហ៊ុន សែន ត្រូវគេសង្កត់ទើបដោះលែង អាលូវអ្នក​ឯងចង់ទេ ខ្ញុំប្រមូលយកមកវិញ ហើយចាប់ថែមទាំងអាណាថា [...] អ្នកដែលមិនទាន់ត្រូវកាត់ទោសនេះ ត្រូវប្រយ័ត្នប្រយែងមិនត្រូវធ្វើសកម្មភាព ឲ្យសោះ បើធ្វើសកម្មភាពគឺត្រូវប្រមូលត្រឡប់មកវិញ កុំនិយាយរឿងសម្ពាធអន្ដរជាតិ យើងបានប្រាប់ហើយថា យើងមិនអាចយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយការអនុគ្រោះ ឬជំនួយណាទាំងអស់»

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏នៅតែបន្ដអំពាវនាវដល់អ្នកដែលបាញ់បោកក្រុមក្បត់ជាតិ សម រង្ស៉ី ហើយបានរត់ភៀសខ្លួនទៅបរទេស ឬចំណាកស្រុក ត្រូវត្រឡប់មកផ្ទះ ឬស្រុកកំណើតវិញ ដោយមិនមានការចាប់ខ្លួនអ្វីទាំងអស់។ ប៉ុន្ដែចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំពោះមនុស្ស១៨នាក់ ដែលជាមេក្លោងក្រុមក្បត់ជាតិ មិនត្រូវបានលើកលែងនោះទេ ដីកាបង្គាប់ឲ្យចាប់ខ្លួននៅអនុវត្តបន្ដ។

សូមជម្រាបថា បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្គាប់ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ននោះ តុលាការបានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទទាំងនេះជាបន្ដបន្ទាប់ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕