(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ជួបការលំបាក ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ឲ្យក្រុមការងារ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺលោក ដិប វឌ្ឍនៈ អាយុ៥៤ឆ្នាំ ជាអតីតយុទ្ធជន និងជាយោធិនពិការ ដែល ត្រូវបានបញ្ជូនតាមរថយន្ដសង្រ្គោះបន្ទាន់ទៅព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (1-79) រាជធានីភ្នំពេញ។

តាមការៀបរាប់របស់លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា អតីតយុទ្ធជនរូបនេះ មានជំងឺលើសឈាម ដំបៅក្រពះ និងមានកូនដុំសាច់ក្នុងថង់ប្រម៉ាត់ និងជាមូលហេតុបណ្តាលឲ្យគាត់ឈឺពោះខ្លាំង ដែលតម្រូវអោយមានការវះកាត់ព្យាបាលបន្តទៀត។

អ្នកស្រី អួង សារ៉ន ដែលជាភរិយាបានឲ្យដឹងថា ប្តីរបស់អ្នកស្រី បានមកដល់មន្ទីពេទ្យព្រះកេតុមាលានេះ កាលពីល្ងាច១៤ ខែវិច្ឆិកា នឹងត្រូវវះកាត់ព្យាបាលនៅថ្ងៃទី១៥ ខែវិច្ឆិកា។ អ្នកស្រី បានបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅទីនេះ មិនត្រូវបានគិតប្រាក់នោះទេ។

ជាមួយគ្នានេះដែរ លោក ដឹប វណ្ណ: និងក្រុមគ្រួសារទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយគាំទ្រ ឧបត្ថម្ភការព្យាបាល ដើម្បីស្រោចស្រង់ជីវិតលោកដែលកំពុងជួបកាលំបាកនៅពេលនេះ។

សូមបញ្ជាក់ថា នេះមិនមែជាលើកទី១ទេ ដែលប្រមុខដឹកនាំប្រទេស បានគិតគូពីសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ រួមទាំងជីវភាពរស់នៅការស្នាក់នៅប្រាក់ឧបត្ថម្ភ និងគោលនយោបាយផ្សេងៗ ជាច្រើនទៀត ផ្ទុយពីក្រុមប្រឆាំងទុច្ចរិទមួយចំនួនបានបំភ័ណ្ឌព័ត៌មានផ្សេងៗថា ថ្នាក់ដឹកនាំមិនបានគិតគូរ និងទុកចោលដោយមិនមានការព្យាបាល៕