(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជំរុញដល់ប្រធាន ស.អ.ក នៅតាមក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងស្វែងរកគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីឲ្យសមាគមមានឱកាសជួយពួកគាត់ ខណៈពេលនេះអតីតយុទ្ធជនជាជនពិការម្នាក់ ទៀត ដែលមានវ័យ ៧០ឆ្នាំ ទទួលបានផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

នៅក្នុងឱកាសអញ្ជើញចូលរួមសាងសង់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជនជាជនពិការ លោក សេង សុវណ្ណ រស់នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ័ា បានថ្លែងថា មានតែក្រុមការងារ ស.អ.ក នៅតាមក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំទេ ដែលដឹងច្បាស់ថា តើគ្រួសារណាជាអតីតយុទ្ធជនដែលមានជីវភាព ខ្វះខាតពិតប្រាកដនោះ។

លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនឲ្យប្រសើរឡើង បន្ទាប់ពីពួកគាត់បានចូលរួមកបំរើប្រទេសជាតិជាមួយរាជរដ្ឋាភិបាល អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ដោយបានលះបង់ពេលវេលា និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង។

ដោយឡែក លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជា លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ តែងតែណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាប្រឈមនានា ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ឲ្យបានប្រសើរឡើង ពិសេសដោះស្រាយដីធ្លី ផ្ទះសំបែងដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតពិតប្រាកដ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានគូសបញ្ជាក់ថា «ជាក់ស្តែងថ្ងៃនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះលើកផ្ទះមួយខ្នងមានទំហ៊ំ ៥គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីចំណាយថវិកាអស់ ១០.៨០០០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនជាជនពិការម្នាក់នៅក្រុងព្រះវិហារ។

ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យប្រធាន ស.អ.ក នៅតាមក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តស្វែងរកគ្រួសារអតីតយុទ្ធជនយើងដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីយើងមានឱកាសតបស្នងសងគុណដល់គាត់ និងជួយគាត់ឲ្យបានទាន់ពេលវេលាផងដែរ៕