(ភ្នំពេញ)៖ គ្រួសារអ្នកស្រី លន ប៉ិ ត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ ដែលស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខេត្តពោធិ៍សែនជ័យ តាំងពីម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ ហើយមកដល់ពេលនេះ នៅតែមិនទាន់រកឃើញនៅឡើយ ពួកគាត់បានលើកដៃទទូចសុំការអន្តរាគមន៍ ពីសមត្ថកិច្ចគ្រប់ច្រកល្ហក និងប្រជាពលរដ្ឋផងដែរ ប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។

បើតាមអ្នកស្រី លន ប៉ិ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែវិច្ឆិកានេះថា កូនរបស់អ្នកស្រីដែលត្រូវគេលួចនោះមានឈ្មោះ ប៊ុនថា សុពៀន អាយុ១ឆ្នាំ៩ខែ ត្រូវបាននារីម្នាក់លួចចេញពីផ្ទះរបស់អ្នកស្រីឆៅៗតែម្ដង។

អ្នកស្រីបានបន្តថា ដំបូងឡើយ អ្នកស្រីបានជួលអ៊ំស្រីម្នាក់ឱ្យជួយមើលថែកូនរបស់អ្នកស្រី ពេលអ្នកស្រី និងស្វាមីទៅធ្វើការប្រកបការងារប្រចាំថ្ងៃ តែអ៊ំស្រីនោះមានធុរៈត្រូវចេញទៅស្រុកកំណើតប្រហែល ២-៣ថ្ងៃ ទើបត្រលប់មកវិញ អ្នកស្រីក៏បានរកនារីម្នាក់ទៀត អាយុប្រហែលជាង៣០ឆ្នាំ ឱ្យជួយមើលកូនជំនួសអ៊ំស្រី ដែលទៅស្រុកកំណើតនោះ។

ការងារមើលក្មេងស្រីនៅថ្ងៃដំបូង ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា គឺប្រព្រឹត្តទៅធម្មតាទេ ដែលជាហេតុបង្ហាញការទុកដាក់ចំពោះនារីអ្នកមើលក្មេងខាងលើ ប៉ុន្តែចូលដល់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ម៉ោងប្រមាណ៨ព្រឹក ស្រាប់តែនារីចិត្តខ្មៅរូបនេះ លួចយកក្មេងស្រីកូនម្ចាស់ផ្ទះចេញទៅបាត់។

តាមការបញ្ជាក់បន្ថែមរបស់ អ្នកស្រី លន ប៉ិ បានឱ្យដឹងថា ក្នុងពេលបាត់កូនស្រី ក៏មានគេឃើញនារីខាងលើយកកូនរបស់អ្នកស្រី ទៅពពាយនាយលក់ នៅមណ្ឌលសុខភាពកំបូលដែរ ដោយកុហកថា ក្មេងស្រីនេះកូនរបស់ខ្លួន។ មានលោកគ្រូពេទ្យម្នាក់ បានឃើញនារីនោះពពាយនាយលក់ក្មេងស្រីនោះដែរ ដោយកើតចិត្តសង្ស័យ លោកគ្រូដដែលក៏ថតរូបភាព២ប៉ុស្ដិ៍ ទុកក្នុងទូរស័ព្ទដៃរបស់គាត់។ លុះដល់ដឹងថា បាត់ក្មេងស្រី លោកគ្រូពេទ្យខាងលើក៏បានសួរ និងផ្ញើរូបដែលគាត់ថតបានបញ្ជូនមកម្ដាយក្មេងស្រី ដល់ពេលឃើញរូបភាពនោះហើយ ទើបដឹងថា ជាកូនរបស់អ្នកស្រីប្រាកដមែន។

ប៉ុន្តែទោះជាយ៉ាងណា អ្នកស្រី និងក្រុមគ្រួសារនៅមិនទាន់រកកូនស្រីរបស់ខ្លួនឃើញនៅឡើយទេ ខណៈលោកស្រីក៏បានរត់ទៅប្ដឹងសមត្ថកិច្ចរួចហើយ តែក៏នៅតែគ្មានតម្រុយទាល់តែសោះ។

និយាយពីសាវតាខ្លីរបស់នារីស៊ីឈ្នួលមើលកូនឱ្យអ្នកស្រី លន ប៉ិ៖ ដំបូលឡើយ នារីរូបនេះត្រូវប្ដីធ្វើបាបរហូតដល់លែងលះគ្នា ហើយបានរត់មកនៅភ្នំពេញ ក៏បានចូលធ្វើការជាមួយបងប្អូនជីដូនមួយរបស់អ្នកស្រី លន ប៉ិ។ ដោយឃើញដូច្នេះ អ្នកស្រីក៏កើតចិត្តអាណិតអាសូរ ហើយស្របពេលអ៊ំស្រី ដែលធ្លាប់ប់មើលកូនឱ្យអ្នកស្រីមានធុរៈទៅស្រុកកំណើរផងនោះ អ្នកស្រីក៏ហៅនារីខាងលើមកមើលកូន របស់អ្នកស្រីជំនួសអ៊ំចាស់សិនទៅ។ ប៉ុន្តែដូចពាក្យពោលថាមែន «ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត»។

ក្នុងនាមជាម្ដាយ និងក្រុមគ្រួសារដែលស្រលាញ់កូនស្រីស្មើជីវិត អ្នកស្រី លន ប៉ិ ក៏សូមលើកដៃប្រណមអំពាវនាវដល់សមត្ថកិច្ចគ្រប់ច្រកល្ហក សូមជួយអន្តរាគមន៍ចំពោះរឿងនេះផង ហើយក៏សូមទទូចដល់ប្រជាពលរដ្ឋផងដែរ ប្រសិនបើបានឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមជួយផ្ដល់ដំណឹងតាមរយៈលេខទូរស័ព្ទ៖ 077 213 507 ដែលជាលេខទូរស័ព្ទរបស់អ្នកស្រី លន ប៉ិ ផ្ទាល់៕

នារីដែលលួចក្មេងអង្គុយពពាយនាយលក់ក្មេងស្រីដែលបាត់នៅមណ្ឌលសុខភាព