(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានអញ្ជើញឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរបស់ខ្លួន ក្នុងពេលវេលាសមស្របណាមួយ។

ការអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េខាងជើង បានធ្វើឡើងតាមរយៈលោក Ri Kil Song អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ក្នុងឱកាសលោកចូលជួបសម្តែងការគួរសម ជាមួយប្រមុខការទូតកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ក្រោយជំនួបនេះ លោក កុយ គួយ បានបញ្ជាក់បា្រប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ក្នុងឱកាសនោះ អនុរដ្ឋមន្ត្រីការបរទេស ក៏បានផ្ញើនូវសេចក្តីអញ្ជើញ ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង អញ្ជើញឧបនាយករដ្ឋមន្ត្រី ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅពេលវេលាសមស្របណាមួយ»។

អ្នកនាំពាក្យរូបនេះ បានបន្តថា ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលនូវសេចក្តីអញ្ជើញនេះ។ លោកសន្យាថា លោកនឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅពេលខាងមុខផងដែរ។

ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់កូរ៉េខាងជើងផងដែរ ជាពិសេសប្រមុខរដ្ឋកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដែលបានថ្វាយសារជូនពរដល់អង្គព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី៦៦ឆ្នាំ នៃទិវាឯករាជ្យជាតិកម្ពុជា។ លោកចាត់ទុកថា នេះគឺជាការបង្ហាញនូវទំនាក់ទំនងជិតស្និត រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ក៏ដូចជារវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជានិងកូរ៉េខាងជើង បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤។ បើតាមលោក កុយ គួង ប្រមុខការទូតកម្ពុជា បានថ្លែងថា ការធ្វើទស្សកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង មកកម្ពុជានៅពេលនេះ គឺជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕