(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សមាគមសល្យសាស្ដ្រកម្ពុជា ដែលមានគ្រូពេទ្យឯកទេសផ្នែកវះកាត់ សហការជាមួយគ្រូពេទ្យឯកទេស នៅតាមបណ្ដាប្រទេសល្បីៗពិភពលោក ពិសេសគ្រូពេទ្យសល្យសាស្ដ្របារាំង កំពុងតែពិចារណា ឱ្យមានការផ្ដួចផ្ដើម ការវះកាត់ផ្លាស់ប្ដូរតម្រងនោម នៅកម្ពុជា។

ការថ្លែងបែបនេះ របស់លោកសាស្រ្ដាចារ្យ ធា គ្រុយ ធ្វើឡើងក្នុងទិវាសល្យសាស្រ្ដកម្ពុជាលើទី ២៥ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាសណ្ឋាគារភ្នំពេញ ដែលទិវានេះផ្ដោតទៅលើការបណ្ដុះបណ្ដាលផ្នែកវះកាត់ និងប្រសិទ្ធិភាពនៃការវះកាត់។

លោកសាស្ដ្រាចារ្យបន្ដថា «ក្នុងទិវាសល្យសាស្រ្ដកម្ពុជាលើទី២៥នេះ គ្រូពេទ្យសល្យសាស្ដ្របារំាង បានលើកឡើងពីគំនិតផ្ដួចផ្ដើមសាកល្បងរៀបចំវះកាត់ផ្លាស់ប្ដូរតម្រងនោមនៅកម្ពុជា ដោយពេលនេះកំពុងពិភាក្សាជាមួយសមាគមសល្យសាស្ដ្រកម្ពុជា និងស្វែងយល់អំពីច្បាប់ការអនុញ្ញាត ពីក្រសួងសុខាភិបាល ពីលទ្ធភាព និងធនធានមនុស្សនៅកម្ពុជាផងដែរ»

រដ្ឋលេខាធិការរូបនេះបានថ្លែងបន្ដថា «នេះជារឿងល្អ និងសំខាន់ណាស់ ខណៈដែលបារាំង ជាប្រទេសដែលមានបទពិសោធន៍ខ្ពស់ នៅសាកលលោកខាងវិស័យនេះ ហើយបាននឹងកំពុងពិចារណាផ្ដួចផ្ដើមឱ្យមានការវះកាត់ផ្លាស់ប្ដូរតម្រងនោមនៅកម្ពុជា។ ទន្ទឹមនឹងការផ្ដួចផ្ដើមនេះ យើងក៏មានគ្រូពេទ្យឯកទេសនេះស្រាប់ផងដែរ។ បច្ចុប្បន្ននេះ នៅតាមបណ្ដាប្រទេសជិតខាងយើង ក៏បានដំណើរការលើការវះការកាត់តម្រងនោមរួចទៅហើយ»

លោកសាស្ដ្រាចារ្យ ឈឿន វុឌ្ឍី ប្រធានសមាគមសល្យសាស្ដ្រកម្ពុជា បានថ្លែងថា «ដើម្បីឱ្យដំណើរនៃការវះកាត់ផ្លាស់ប្ដូរសរីរាង្គតម្រងនោមនៅកម្ពុជា ចាំបាច់បំផុត ត្រូវមានច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាផ្សេងៗ ហើយសម្រាប់គ្រូពេទ្យ ត្រូវមានសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់។ បច្ចុប្បន្ន ច្បាប់ផ្លាស់ប្ដូរតម្រងនេះ ក៏មានជាគោលៗហើយ និងកំពុងសិក្សាបន្ថែមទៀត»

លើសពីនោះ លោកសាស្ដ្រាចារ្យបន្ដថា អ្វីដែលសំខាន់បំផុតនោះ លើការបណ្ដុះបណ្ដាលគ្រូពេទ្យ ក្រោមការសហការជាមួយគ្រូពេទ្យេឯកទេសល្បីៗ នៅលើកសកលលោក រួមមាន៖ ប្រទេសបារំាង អាមេរិក ជប៉ុន អូស្រ្ដាលី ណូវែសេឡង់ ប៊ែលហ្ស៊ិក និងប្រទេសមួយចំនួនទៀត ឱ្យមកបណ្ដុះបណ្ដាលផ្នែកវះកាត់ ដល់គ្រូពេទ្យយើងបន្ថែមទៀត ឱ្យមានសមត្ថភាព ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីផ្ដល់នូវសេវាព្យាបាលមួយដ៏ត្រឹមត្រូវ ជាពិសេស ដើរទាន់នូវសម័យជឿលឿនរបស់ពិភពលោក ។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា សមាគមសល្យសាស្ដ្រកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដែលមានគ្រូពេទ្យវះកាត់ចំនួន៤-៥នាក់ មកដល់បច្ចុប្បន្ននេះមានរហូតដល់៦០០នាក់នៅកម្ពុជា មានចំនួន ៦ឯកទេស រួមមាន៖ ផ្នែកទូទៅ, ផ្នែកឆ្អឹង, វះកាត់កុមារ, ផ្នែកប្រព័ន្ធប្រសាទ ផ្នែកមូត្រសាស្ដ្រ, និងវះកាត់កែសម្ផស្ស៕