(ហ្សឺណែវ)៖ នៅទីស្នាក់ការកណ្តាលមូលនិធិសកល (Global Fund HQ at Global Health Campus) លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល នៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តធ្វើបទអន្តរាគមន៍លើចំណុចគន្លឹះៗ តំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិសកល លើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសពីថ្ងៃទី១២ដល់១៥ ខែវិច្ឆិកា ដោយមានការចូលរួម ពីតំណាងមកពីតំបន់នានានៅជុំវិញសកលលោក។

ក្នុងរយៈពេលពីរថ្ងៃ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ អង្គប្រជុំបានកោតសរសើរកម្ពុជា អំពីសមិទ្ធផលដែលយើងបានធ្វើឲ្យសម្រេច ក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានេះ លោកបណ្ឌិត ដូណាល់ កាបេរូកា (Dr Donald Kaberuka) ប្រធានក្រុមប្រឹក្សាភិបាលបានចាប់ផ្តើម ពិធីបើកកិច្ចប្រជុំ ដោយសរសើរកម្ពុជា។

លោកបណ្ឌិតប្រធាន បានទៅធ្វើ ទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ និង៣០ ខែតុលា កន្លងទៅថ្មីៗនេះ។ ចំណែកឯប្រទេសមួយចំនួន រួមទាំងតំណាងអង្គការ សុខភាពពិភពលោកប្រចាំអាហ្រ្វិកផងដែរ បានសុំរៀនសូត្រពីកម្ពុជាយើង អំពីការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ។ តាមរយៈការកោតសរសើរ និងវាយតម្លៃខ្ពស់ពីតំណាងនានា និងអង្គប្រជុំទាំងមូល កិត្តិសព្ទកម្ពុជាយើងកំពុងត្រូវបានលើកកម្ពស់ នៅលើឆាកអន្តរជាតិ៕