(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកឡើងថា មិនថាប្រទេសកម្ពុជា ឬក៏ប្រទេសណានោះទេ តួនាទីរបស់យុវជន ពិតជាមានសារៈសំខាន់ ក្នុងការបន្ដវេនទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន មានី ទទួលទឹកប្រាក់ឧបត្ថម្ភចំនួន២លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីចូលរួមលើកកម្ពស់ «ការអភិវឌ្ឍយុវជន និងកីឡា ក្នុងខេត្តកំពង់ស្ពឺ»រៀបចំធ្វើឡើងនៅផ្សារទំនើប ក្រោមដីណាហ្គាស៊ីធីវ៉ក។

លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «មិនថាកម្ពុជា ឬក៏ប្រទេសណានោះទេ គឺតួនាទីរបស់យុវជន ពិតជាមានសារៈសំខាន់។ លើសពីនោះថែមទៀត ដើម្បីធានាបាន អ្នកបន្ដវេន និងអាចទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ ពួកយើងត្រូវខិតខំប្រឹងប្រែង...ធ្វើយ៉ាងណាឲ្យពួកគាត់មានបញ្ញាញាណក្នុងការថ្លឹងថ្លែង»

លោក ហ៊ុន ម៉ានី សង្ឃឹមថា ការចូលរួមជួយឧបត្ថម្ភគាំទ្រ និងការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទាត់ ដល់ក្មេងៗក្នុងខេត្តកំពង់ស្ពឺ និងធ្វើឲ្យក្មេងៗ មានឱកាសបានហ្វឹកហាត់ នៅក្នុងប្រទេស និងក្រៅប្រទេស ហើយលោកសង្ឃឹមថា ណាហ្គាវើលដ៍ នឹងបន្ដកិច្ចសហប្រតិបត្ដិការទៅមុខទៀត។

លោក ហ៊ុន ម៉ានី បានបង្ហាញនូវក្តីសង្ឃឹមថា «ខ្ញុំនៅតែមានសុបិន្ដមួយ សង្ឃឹមថា ថ្ងៃណាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ នឹងមានអ្នកខេត្តកំពង់ស្ពឺ»

បើតាមលោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុន ណាហ្គាលវើល បានថ្លែងថា «៧០%នៃប្រជាជនកម្ពុជាសរុប មានអាយុក្រោម៣៥ឆ្នាំ។ យើងជឿជាក់ថា ការវិនិយោគទៅលើយុវជន គឺជាការវិនិយោគ ទៅលើអនាគតរបស់កម្ពុជា។ ការលើកស្ទួយយុវជន គឺការបង្កើតការផ្លាស់ប្តូរ កាន់តែប្រសើរនៅក្នុងសហគមន៍»

លោកបន្ដថា «យើងរួមគ្នាផ្តល់ឱកាសប្រសើរជាងមុន ដើម្បីឲ្យពួកគេបង្កើនគុណភាព នៃជីវិតរបស់ពួកគេផ្ទាល់ និងគ្រួសាររបស់ពួកគេ។ យើងសង្ឃឹមថា ការឧបត្ថម្ភសម្រាប់កម្មវិធីទាំងនេះ នឹងជួយបង្កើនសក្តានុពល របស់យុវជន ក្នុងខេត្តកំពង់ស្ពឺ សម្រាប់សង្គមជាតិ ហើយដែលការនេះ នឹងផ្តល់ត្រឡប់មកវិញដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល»

គូសបញ្ជាក់ថា គោលបំណងនៃកម្មវិធីអភិវឌ្ឍយុវជននេះ គឺដើម្បីលើកកម្ពស់ទេពកោសល្យ ជំរុញការអភិវឌ្ឍយុវជន និងផ្តល់ឱកាសបន្ថែមដល់យុវជនកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអនាគត និងក្តីបំណងរបស់ខ្លួន ក្នុងវិស័យកីឡា និងវិស័យផ្សេងៗទៀត។

គម្រោងទាំងនេះ រួមមាន កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ រយៈពេល២ឆ្នាំ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ បង្ហាត់កីឡាបាល់ទាត់អាជីព ដល់គ្រូអនុវិទ្យាល័យ និងវិទ្យាល័យ បូករួមនឹងការឧបត្ថម្ភសម្ភារកីឡា និងហេដ្ឋារចនាសម្ព័ន្ធ កីឡាជាបន្តបន្ទាប់៕