(កោះកុង)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង លោក ងួន ធីរៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ជនត្រូវចោទម្នាក់ ដោយសារលង់ចាញ់បោកទណ្ឌិត សម រង្ស៉ី ក្នុងផែនការធ្វើរដ្ឋប្រហារខុសច្បាប់ ថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់។

យោងតាមដីកាសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ជនត្រូវចោទដែលត្រូវដោះលែងនោះ មានឈ្មោះថា ហ៊ុ ស្រ៊ា ហៅណារ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ។ បើតាមដីកានេះ ជនត្រូវចោទរូបនេះ ជាពលរដ្ឋមានចំណេះដឹងតិចតួច ទើបត្រូវចាញ់បោកមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ហើយការប្រព្រឹត្តបទល្មើសរួមគំនិតក្បត់នេះ ជាការប្រព្រឹត្តលើកទីមួយ ដោយសារតែខ្លួនមានភាពល្ងង់ខ្លៅ ឆាប់ជឿលើការអូសទាញរបស់គេ។

បន្ទាប់ពីត្រូវបានដោះលែង លោក ហ៊ុ ស្រ៊ា បានផ្តល់បទសម្ភាសដល់ភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង ដោយបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានទឹកចិត្តសណ្តោសប្រណី ដល់អ្នកចាញ់បោកតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី។ លោកប្តេជ្ញាចិត្តថា នឹងឈប់ប្រព្រឹត្តតាមការញុះញង់របស់ក្រុមឧទ្ទាម ដែលមានបំណងធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ទៀតហើយ។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕