(ភ្នំពេញ)៖ យុគសម័យប្រែប្រួលកាលពីមុនយើងធ្លាប់និយាយថា «ចុងប៊ិច ឬក៏ដងប៉ាកកាអាចសម្លាប់មនុស្សបាន» តែផ្ទុយទៅវិញក្នុងសម័យ Internet ឬ Digital នេះវិញ ពាក្យនេះហាក់បីដូចជា មិនបានបម្រើឲ្យបច្ចុប្បន្នភាពសង្គមមនុស្សសោះឡើយ។

Smart Phone ឯណោះវិញទេដែលអាចសម្លាប់មនុស្សបានព្រោះថា ក្នុង Smart Phone មួយគ្រឿង គឺអាចដឹងរឿងពិភពលោកទាំងមូល ជាងនេះទៅទៀតនោះ គឺគេអាចដឹងរឿងរ៉ាវ ឬក៏អាថ៌កំបាំងទាំងឡាយរបស់ម្ចាស់ Smart Phone នោះទៀតផង បើសិនជាគេ (Hacker) ចង់ដឹង។

អាស្រ័យហេតុនេះ ចង់ ឬមិនចង់ ទាមទារឲ្យអ្នកដែលនៅក្នុងអាជីពសមរភូមិដងប៉ាកកាទាំងឡាយ ខិតខំអភិវឌ្ឍ ឬក៏ធ្វើសមាហរណកម្មខ្លួនឯង (self intergrated) ទៅក្នុងសម័យ Digital ពោលគឺ Smart Phone។

ចំនួនអ្នកអានកាសែត ឬការបោះពុម្ភការសែតសៀវភៅអាននានា ត្រូវបានថយចុះគួរឲ្យកត់សម្គាល់។ ជំនួសមកវិញគឺ សារព័ត៌មានតាមរយៈ App និងតាមបណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook, YouTube, Twitter, Instagram, Linkdin កំពុងតែដើរតួនាទីសំខាន់ជាងកាសែត ទស្សនាវដ្តី សៀវភៅផ្សេងៗ ដែលបានបោះពុម្ភ។

ប៉ុន្ដែអ្វីដែលជាការព្រួយបារម្មណ៍បំផុតនោះគឺ Smart Phone ខ្វះវិជ្ជាជីវៈ។ ប្រជាជនយើងភាគច្រើន បានកំពុងតែប្រើវាខុសកម្មវត្ថុ ឬគោលដៅ។ អ្នកខ្លះក៏តាំងខ្លួនជាអ្នកសារព័ត៌មាន ក្នុងពេលដែលខ្លួនឯងមិនមែនជាអ្នកក្នុងអាជីពនោះសោះឡើយ។

ពួកគាត់មិនបានធ្វើខ្លួនជាអ្នកទទួលព័ត៌មាននោះទេ បែរជាគាត់ធ្វើខ្លួនទៅជាអ្នកផ្ដល់ព័ត៌មានទៅវិញ តាមរយៈការចែកចាយ (Share) ដំណឹងផ្សេងៗ ដែលដំណឹងខ្លះនោះជាដំណឹងក្លែងក្លាយ (Fake News) ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសង្គមទៀតផង។

ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបចំពោះកំហុសឆ្គងនានា របស់ប្រជាពលរដ្ឋផង ដើម្បីជាត្រីវិស័យសម្រាប់អ្នកសារព័ត៌មានក្ដី ពលរដ្ឋសាមញ្ញក្ដី លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន កំពុងតែខិតខំធ្វើសេចក្ដីព្រៀងច្បាប់មួយស្ដីអំពី «សិទ្ធិទទួល និងចែកចាយព័ត៌មាន»

ខ្ញុំសង្ឃឹមថា សេចក្ដីព្រៀងច្បាប់នេះ នឹងចេញជាស្ថាពរ និងបានបម្រើអោយអ្នកសារព័ត៌មានអាជីព និងពលរដ្ឋធម្មតា នូវការយល់ដឹងមួយដ៏សមស្រប ជៀសវាងនូវកំហុសឆ្គងផ្សេងៗ ដោយអចេតនា ជាពិសេសទៅទៀតនោះគឺ អាចលុបបំបាត់នូវព័ត៌មានក្លែងក្លាយ (Fake News) មួយចំនួន ដែលរៀបចំឡើងដោយក្រុមទុច្ចរិត បំពុល បង្ករភាពវឹកវរ អស្ថេរភាព និងសន្តិសុខសង្គម៕

ដោយ៖ ញ៉ែម វិបុល ទីប្រឹក្សាក្រសួងព័ត៌មាន