(តាកែវ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ លោក អឿង វណ្ណា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទ២នាក់ នៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួន ដោយសារលង់ចាញ់បោកទណ្ឌិត សម រង្ស៉ី ក្នុងផែនការធ្វើរដ្ឋប្រហារខុសច្បាប់ ថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់។

យោងតាមដីកាបង្គាប់ឲ្យដោះលែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ជនត្រូវចោទដែលត្រូវដោះលែងនោះ រួមមាន ទី១៖ ឈ្មោះ ថាវ រិទ្ធិ និងទី២៖ឈ្មោះ កូយ ចន្ថា។ ប៉ុន្ដែអ្នកទាំង២ ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ កាលណាមានដីកាកោះហៅ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោកបានធ្វើការភ្លាមជាមួយស្ថាប័នតុលាការ និងឈានដល់ការចេញដីកាដោះលែងតែម្ដង។

លោកព្រះរាជអាជ្ញា បានអះអាងទៀតថា ជាមួយនឹងការដោះលែងនេះ តំណាងអយ្យការក៏បានធ្វើការណែនាំ ឲ្យបញ្ឈប់ការចូលរួមក្នុងសកម្មភាពណាមួយ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងត្រូវភ្ញាក់រលឹកខ្លួនឡើងវិញ មិនត្រូវចាញ់បោកទៀតនោះទេ។ ប្រសិនបើនៅបន្ដប្រព្រឹត្តទង្វើណាមួយ ដែលខុសច្បាប់ទៀតនោះ នឹងមិនមានការយោគយល់ឡើយ។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕