(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងថា ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់របស់តុលាការគឺអាស្រ័យលើលទ្ធផលនៃការស៊ើបសួរ ទៅលើអង្គហេតុ និងភស្តុងតាង។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារលើ Facebook ដោយទាមទារឲ្យទម្លាក់ការចោទប្រកាន់ ទៅលើអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៉ីសេរី ចំនួន២រូប គឺលោក អួន ឈិន និងលោក យាង សុធារិន។

លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់ជាឆន្ទានុសិទ្ឌិរបស់តុលាការ ដោយផ្អែកតាមលទ្ធផលនៃការស៊ើបសួរ លើអង្គហេតុ និងភស្តុតាងស្របតាមស្មារតីនៃច្បាប់កម្ពុជា! ហេតុនេះសូមភាគីពាក់ព័ន្ធនៃសំណុំរឿងប្រើប្រាស់សិទ្ធិការពារខ្លួន ដែលមានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍របស់ខ្លួន ដោយបង្ហាញភាពស្អាតស្អំរបស់ខ្លួននៅចំពោះមុខតុលាការ!»។

សូមជម្រាបថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងសារក្នុងន័យដើមថា ថ្ងៃនេះគឺជាថ្ងៃខួបលើកទី២ នៃការចាប់ខ្លួនអ្នកយកព័ត៌មានរបស់វិទ្យុអាស៉ីសេរីចំនួន ២រូប គឺលោក អួន ឈិន និងលោក យាង សុធារិន នៅកម្ពុជា។ ការចាប់ខ្លួន ការឃុំខ្លួនដ៏យូរ និងដំណើរការកាត់ក្តីដែលអូសបន្លាយវែង នៃអ្នកសារព័ត៌ទាំងពីររូបនេះ ដែលកំពុងបំពេញការងាររបស់គេ បំផ្លាញសេរីភាពសារព័ត៌មាន ហើយធ្វើមិនឲ្យអ្នកដទៃទៀតចង់ធ្វើការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។

លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍»។ អ្នកទាំងពីរត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងពន្ធនាគារអស់ជិត១ឆ្នាំ បន្ទាប់មកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨៕