(ភ្នំពេញ)៖ ព្រះគ្រូចៅអធិការ និងព្រះសង្ឃវត្តតាំងកសាងខាងជើង បានប្រគេនទេយ្យទានមួយចំនួនធំ ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យដើម្បីចូលរួមចំណែក ក្នុងការងារមនុស្សធម៌សម្រាប់ចែកជូនដល់ជនក្រីក្រ និងទុរគតជនដែលកំពុងជួបការលំបាក។

កាយវិកាខាងលើនេះសបញ្ជាក់ឲ្យឃើញថា ព្រះសង្ឃមិនត្រឹមតែជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមជាតិ ហើយបានបង្ហាញយ៉ាងច្បាស់ថា វិស័យពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្ដាច់គ្នាបានឡើយ។

ពិធីប្រគល់និងទទួលអំណោយខាងលើនោះ បានប្រព្រឹត្តទៅកាលពីវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តតាំងកសាងខាងជើង ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមន្រ្តីក្រោមឱវាទមួយចំនួនទៀត ដោយអញ្ជើញទៅទទួលយកដោយផ្ទាល់ពីព្រះគ្រូរសីលធម្មគុណ គឹម ធួន ចៅអធិការវត្តតាំងកសាងខាងជើង និងព្រះសង្ឃក្នុងវត្ត។

អំណោយទាំងនោះរួមមាន៖ អង្ករចំនួន ២០បាវ, ទឹកសុទ្ធវីតាល់ចំនួន ១០០កេស, ទឹកដោះគោ ១០០០កំប៉ុង, ស្កសរ ១០០០គីឡូ, ទឹកត្រីចំនួន ១០យួរ, ទឹកស៊ីអ៊ីវចំនួន២០យួរ, ទឹកផ្លែឈើចំនួន៤០កេស, ទឹកក្រូច៤០កេស, ត្រីខចំនួន២០យួរ, មីចំនួន១៣០កេស និងសម្ភារផ្ទះបាយចំនួន ៧សម្រាប់ ព្រមទាំងទាំងបច្ច័យចំនួន២លានរៀលផងដែរ។

នៅក្នុងឱកាលនោះ ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដិកាថា ព្រះអង្គរួមជាមួយព្រះសង្ឃក្នុងវត្ត មានទឹកព្រះទ័យរីករាយក្នុងការចំណាយទេយ្យទាន និងថវិកាដែលមួយចំនួនខាងលើ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីសម្រាប់ទុកចែកជូនដល់ជនក្រីក្រលំបាកខ្វះខាតនានានៅក្នុងសង្គមជាតិ។

ម្យ៉ាងទៀត ក៏ជាការជួយទ្រទ្រង់ដល់អនុសាខាកាកបាទក្រហមផងដែរ ហើយទេយ្យទានទាំងនេះ ព្រះអង្គក៏បានមកពីការបរិច្ចាគរបស់ពុទ្ធបរិស័ទនានាដែលនាំយកទៅប្រគេនដល់ព្រះសង្ឃ ក្នុងពេលកន្លងមកផងដែរ ហើយព្រះសង្ឃក៏មិនអាចឆាន់អស់ដែរ ដូច្នេះត្រូវតែបរិច្ចាគបន្តជូនដល់អនុសាខាកាកបាទក្រហមបែបនេះហើយ។

លោក ហែម ដារិទ្ធិ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណ ព្រមទាំងកោតសសើរដល់ព្រះគ្រូចៅអធិការ និងព្រះសង្ឃ ក្នុងវត្តតាំងកសាងខាងជើងទាំងមូល ដែលមានទឹកព្រះទ័យទូលាយចូលរួមបរិច្ចាគទេយ្យទាន ជូនដល់អនុសាខាកកបាទក្រហមខណ្ឌ ទុកសម្រាប់ចែកជូនដល់ជនក្រីក្រនាពេលនេះ។

ក្នុងនាមលោកជាអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ និងនាំយកអំណោយទាំងនេះទៅចែកជនដល់ដៃជនក្រីក្រមិនឲ្យព្រះអង្គខកព្រះទ័យឡើយ៕