(ក្រចេះ)៖ កម្លាំងអាវុធហត្ថដឹកនាំដោយលោក អ៊ឹម ចិត្រ្តា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី នៅវេលាម៉ោង ៥ទៀបភ្លីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបទូកដឹកឈើ ១គ្រឿងប្រភេទសុក្រំ នៅក្នុងទន្លេភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត។

លោក អ៊ឹម ចិត្រ្តា បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ពេលកម្លាំងចុះល្បាតក៏ប្រទះឃើញទូកដឹកឈើប្រភេទសុក្រំ ចំនួន១ទូកដឹកឈើពេញ និងព្យាង្គថែមទៀត ហើយលោកបញ្ជាកម្លាំងចាប់យកទូកនោះតែម្ដង។ នៅពេលដែលលោកដឹកនាំកម្លាំង ចុះទៅបង្រ្កាប ភ្លាមនោះក្រុមឈ្មួញបានរត់គេចខ្លួនបាត់អស់ មិនស្គាល់អត្តសញ្ញាណម្ចាស់ឈើទេ។

បច្ចុប្បន្នឈើ និងទូកមួយគ្រឿងនោះ ត្រូវប្រគល់ជូនឲ្យរដ្ឋ បាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រដ្ឋបាលព្រៃឈើ៕