(ភ្នំពេញ)៖ ជំហររបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនគាំទ្រទង្វើរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់នោះឡើយ ដែលបានញុះញង់ចង់បង្កអំពើហិង្សា ការចលាចលនៅក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ជាថ្មីរបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការបញ្ជាក់របស់មនុស្សជំនិត លោក កឹម សុខា រូបនេះបានធ្វើឡើងក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា ជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាន Fresh News ដែលបានចោទសួរថា «តើជំហររបស់លោក កឹម សុខា បែបណាចំពោះសកម្មភាពរបស់លោក សម រង្ស៉ី?» លោក មុត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តម កឹម សុខា គឺជាអ្នកបដិបត្តិច្បាប់ លោកមានគោលការណ៍ និងគោលជំហរច្បាស់ គឺគោលជំហររបស់លោកអហិង្សា សន្ដិវិធី ចឹងអ្វីដែលផ្ទុយនឹងច្បាប់ ផ្ទុយនឹងគោលការណ៍អហិង្សា និងនីតិវិធី គាត់ [កឹម សុខា] អត់ធ្វើជាដាច់ខាត»

គួរជម្រាបថា រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៧រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា អគ្គរាជទូតជប៉ុន និងអគ្គរាជទូតអង់គ្លេសផងដែរ។

សម្រាប់ជំនួបជាមួយឯកអគ្គរាជទូតអង់គ្លេសប្រមាណជាង១ម៉ោង នៅព្រឹកមិញនេះ លោក មុត ចន្ថា បានអះអាងថា ជំនួបនេះគ្រាន់តែជាការជួបសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនបានពិភាក្សាគ្នាច្រើនលើសពីនេះនោះឡើយ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕