(សៀមរាប)៖ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកបរិវេណខាងក្រោម ដើម្បីសម្រួលដល់កិច្ចការអភិរក្ស ដែលកិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការ និងសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។

ការចាប់ផ្តើមរំកិលកុដិចុះមកបរិវេណខាងក្រោមប្រាសាទលលៃនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសម្រេចព្រះទ័យរបស់គណៈសង្ឃគ្រប់គ្រងវត្តប្រាសាទលលៃ អាជ្ញាធរជាតិអប្សរា យល់ថាជាការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃក្នុងវិស័យបេតិកភណ្ឌ ដើម្បីថែរក្សានូវមរតកដូនតា ដែលព្រះពុទ្ធសាសនាតែងតែបានចូលរួមចំណែកតាំងពីយូរលង់ណាស់មកហើយ។

ទាក់ទងនឹងកិច្ចការនេះដែរ កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលក្រាបថ្វាយបង្គំសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ដើម្បីទូលថ្វាយព្រះអង្គអំពីតួនាទីវត្តអារាម ក្នុងការចូលរួមលើកស្ទួយ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសកិច្ចការអភិរក្សនៅប្រាសាទលលៃ ដែលកំពុងដំណើរការជួសជុល។

សម្ដេចអគ្គមហាសង្ឃរាជ បានសព្វព្រះទ័យចំពោះការកែលម្អប្រាសាទលលៃឱ្យទៅជារមណីយដ្ឋានសមាហរណកម្មគំរូ នៃសំណង់ព្រហ្មសាសនា (តួប្រាសាទ) និងសំណង់ពុទ្ធសាសនា (តួព្រះវិហារពុទ្ធសាសនា) ដែលសុទ្ធសឹងជាបុរាណវត្ថុដ៏មានវ័យចំណាស់ ដោយមិនគប្បីឱ្យមានមនុស្សលោកទៅរស់នៅលាយឡំជាមួយនឹងសំណង់ដ៏ពិសិដ្ឋទាំងនេះឡើយ។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសង្ឃរាជ បានផ្តល់ឱវាទនិងកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយព្រះសង្ឃ ក្នុងការអភិរក្សបុរាណដ្ឋានលើទឹកដីអង្គររួមគ្នាបានយ៉ាងល្អប្រសើរ និងសូមឱ្យក្រុមការងារបន្តកិច្ចការនេះប្រកបដោយស្មារតីទទួលខុសត្រូវ ស្នេហាជាតិ និងស្រឡាញ់សម្បត្តិដូនតា រួមគ្នាថែរក្សាឱ្យបានគង់វង្សរហូតទៅ៕