(ភ្នំពេញ)៖ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥នៅកម្ពុជាតម្លៃប្រមាណ ១១០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រសហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ ជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។

វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។

ស្របពេលដែលប្រទេសកំពុងមានការរីកលូតលាស់ខ្លាំងលើវិស័យសំណង់នោះ កម្ពុជាមានតម្រូវការស៊ីម៉ង់តិ៍ខ្ពស់សម្រាប់បម្រើការដល់ការសាងសង់សំណង់នានា។ មុនឆ្នាំ២០០៨ កម្ពុជា ជាប្រទេសមួយដែលបាននាំចូលស៊ីម៉ង់តិ៍ទាំងស្រុងពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការសាងសង់។

តែក្រោយឆ្នាំ២០០៨ វត្តមានរោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់សម្រាប់ផលិតស៊ីម៉ង់តិ៍ ដើម្បីបំពេញតម្រូវការសាងសង់។ មកដល់ពេលបច្ចុប្បន្នកម្ពុជា បានកាត់បន្ថយការនាំចូលស៊ីម៉ង់ពីបរទេសបានយ៉ាងច្រើន។

លោក យស់ មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដា្ឋនធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យ Fresh News ដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រស៊ីម៉ង់តិ៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ។ រោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំង៥នេះ រួមមាន៖

១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១លានតោនក្នុងមួយឆ្នាំ៕