(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួបលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៦រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា និងអគ្គរាជទូតជប៉ុនផងដែរ។

ការជួបសួរសុខទុក្ខរវាងលោក កឹម សុខា និងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ធ្វើឡើងខណៈពេលក្រុមក្បត់ជាតិបន្តចាកចេញពីម៉ាឡេស៊ី ក្រោយពីបរាជ័យយ៉ាងអាម៉ាស់នែផែនការរដ្ឋប្រហារ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕