(ស្វាយរៀង)៖ មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនជនត្រូវចោទ៣នាក់ ទៅកាន់ពន្ធនាគារ ពាក់ព័ន្ធអំពើឃាតកម្ម កាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១ ៖ ឈ្មោះ ប្រាក់ សុធារាជ (ហៅពៅ) អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ជាជនដៃដល់ )
*ទី២ ៖ ឈ្មោះ អេង វិចាអក្ខរ៉ា (ហៅស្នា) អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ជាជនសមគំនិត)
*ទី៣ ៖ ឈ្មោះ សុខ ទិត្យវាសនា។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងហើយ។

គួររលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខសាលប្រជុំឆ្នេរទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូម៉ាកឌូក ពាក់ស្លាកលេខភ្នំពេញ 1CV-1852 ពណ៌ស លាយខ្មៅឌុបគ្នាប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច មូលហេតុទាស់ពាក្យសំដីក្នុងពេលដើរលេងជាមួយគ្នា ចំណែកម្នាក់ទៀតឈ្មោះ សុខ ទិត្យវាសនា ជាឲ្យកាំបិតជនសង្ស័យខ្ចីធ្វើសកម្មភាពផងដែរ៕