(កោះកុង)៖ លោក ឈុន សំឃីត ប្រធានស្តីទីមន្ទីរទេសចរណ៍កោះកុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានភ្ញៀវជាតិ-អន្តរជាតិ មកដំណើរកំសាន្ត នៅលើទឹកដីខេត្តកោះកុង តាមរមណីយដ្ឋាននានា មានចំនួន៣១,៩៩១នាក់ ហើយមានភ្ញៀវមកកំសាន្ត នៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ភ្ញៀវជាតិ មាន១៧,២៨៥នាក់ និងភ្ញៀវអន្តរជាតិ១,១៩៤នាក់។

លោក ឈុន សំឃីត បានបន្តថា ដើម្បីធ្វើឲ្យមានភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញចូលមកដំណើរកំសាន្ត តាមរមណីយដ្ឋាន តាមសហគមន៍អេកូទេសចរណ៍នានា ខេត្តកោះកុង បានរៀបចំនូវហេដ្ឋាចរនាសម្ព័ន្ធបានល្អ មានផាសុខភាព ការពារនូវសុវត្ថិភាព ភ្ញៀវជាតិ-អន្តរជាតិ មានភាពទំនុកទុកចិត្ត ដល់ពួកគាត់ឲ្យមានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មានកំណើនភ្ញៀវទេសចរ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបញ្ជាក់ថា ជាក់ស្តែងរយៈពេល៣ថ្ងៃនេះ (១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩) នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ សប្បាយតាមរមណីយដ្ឋានៗនានា ឃើញមានភ្ញៀវចូលមកកំសាន្តច្រើន ប្រកបដោយភាពសប្បាយរីករាយ ពុំមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ហើយក្នុងឆ្នាំនេះមានភ្ញៀវទេសចរជាតិ កើនឡើងបើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨។ ចំពោះចំណីម្ហូបអាហារ តាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មិនមានអ្វីកែប្រែឡើយ តម្លៃសមរម្យដូចរាល់ថ្ងៃ មិនមានការដំឡើងថ្លៃនោះទេ៕