(ភ្នំពេញ)៖ លោក ទឹម សុជា ដែលគេស្គាល់ក្នុង Facebook ឈ្មោះ «រាជបុត្រ សូរ្យកាយ្យ» បានវាយប្រហារលោក សម រង្ស៉ី មេចលនាឧទ្ទាមយ៉ាងចាស់ដៃថា ជាអ្នកនយោបាយសន្យាហើយមិនដែលធ្វើ ហើយកំពុងបំផ្លាញទឹកចិត្តអ្នកគាំទ្រ ក្រោយពេលដែលមេដឹកនាំរូបនេះ មិនបានត្រឡប់មកប្រទេសកម្ពុជា តាមការសន្យា ហើយពន្យារពេលដោយមិនកំណត់។

«រាជបុត្រ សូរ្យកាយ្យ» បានផ្តល់បទសម្ភាសន៍ដល់កាសែត The Cambodia Daily ១ថ្ងៃក្រោយការមិនវិលត្រឡប់របស់ លោក សម រង្ស៉ី ដោយសម្តែងការឆ្អែតចិត្ត ទៅនឹងការសម្តែងឆាកល្ខោនរបស់ លោក សម រង្ស៉ី និងបក្ខពួក អំពីការត្រឡប់មកកម្ពុជា។

លោកអះអាងយ៉ាងដូច្នេះថា៖ «ពេលឮដំណឹងនេះតែងតែគិតថា ដំណឹងនេះជាការពិត ព្រោះដំណឹងនេះមិនមែនចេញពីកូនក្មេងអាយុ៣ឆ្នាំ ក៏មិនមែនឮចេញពីអ្នកគ្មានសញ្ញាបត្របាក់ឌុបដែរ គឺឮចេញពីអ្នកមានសញ្ញាបត្រត្រឹមត្រូវ និងចេញពីមនុស្សចាស់ម្នាក់ដែលជាគម្រូនៃបុគ្គលរាប់នាក់ អញ្ចឹងសម្តីនេះ ខ្ញុំមិនអាចចាត់ទុកថាជាសម្តីកូនក្មេង ក៏មិនដែលគិតថា ជាសម្តីរបស់មនុស្សធម្មតា ខ្ញុំទុកថាជាសម្តីវីរៈបុរសក្នុងដួងចិត្តខ្ញុំ ហើយខ្ញុំជឿថា សម្តីនេះកូនខ្មែរទាំងអស់នឹងគិតដូចខ្ញុំ ក៏ប៉ុន្តែឥឡូវគម្រោងនេះត្រូវបានពន្យារពេលដោយសារតែហេតុផលមួយចំនួន ដែលបានលើកឡើងយន្តហោះគាត់ត្រូវបានគេពន្យារ លោក ហ៊ុន សែន បិទមិនឱ្យចូលស្រុកខ្មែរ អញ្ចឹងក្តីសង្ឃឹមនៅតែជាក្តីសង្ឃឹម មិនដែលថ្ងៃណាក្តីសង្ឃឹមនេះបានសម្រេច»

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោកបានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។

លោក ទឹម សុជា ដែលគេស្គាល់ក្នុង Facebook ឈ្មោះ «រាជបុត្រ សូរ្យកាយ្យ» បានបន្តទៀតថា «គាត់នៅមានអ្នកគាំទ្រមួយចំនួនដែលផ្កាប់មុខ បើសិនជាយើងរិះគន់គាត់ គឺអ្នកគាំទ្រគាត់មកជេរយើងហើយថាយើងក្បត់ជាតិថាយើងលក់ក្បាលឱ្យ លោក ហ៊ុន សែន ប៉ុន្តែក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ជាអ្នកគាំទ្រ(អតីត) គណបក្សសង្រ្គោះជាតិ៦ឆ្នាំហើយ ខ្ញុំមិនចង់បានក្តីសង្ឃឹមក្លែងក្លាយទេ ខ្ញុំចង់បានក្តីសង្ឃឹមពិតប្រាកដ»

លោកបន្តទៀតថា៖ «ប្រសិនបើខ្ញុំជាលោក សម រង្ស៉ី អ្វីដែលខ្ញុំនិយាយ ខ្ញុំធ្វើប៉ុន្តែបើខ្ញុំចូលស្រុកខ្មែរមិនបាន គឺខ្ញុំមិនសន្យាជាមួយអ្នកគាំទ្រខ្លួនឯងទេ ពីព្រោះអ្នកគាំទ្រមួយចំនួនក៏ដូចជាសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន កំពុងតែជាប់គុកដោយសារតែសារនយោបាយ២-៣ម៉ាត់របស់គាត់នេះ អញ្ចឹងខ្ញុំចង់ឱ្យ លោក សម រង្ស៉ី ធ្វើអ្វីទៅតាមសម្តីនយោបាយរបស់គាត់ ពីព្រោះគាត់គឺជាគម្រូ វីរៈបុរសរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប្រសិនបើគាត់និយាយដដែលៗហើយ គាត់មិនអាចធ្វើបានទេ គឺមានន័យថា គាត់កំពុងតែបំផ្លាញទឹកចិត្តដល់អ្នកគាំទ្រខ្លួនឯងបន្តិចម្តងៗ»

នាថ្មីៗនេះ ក៏មានតំណាងរាស្ត្រអូស្ត្រាលី អ្នកវិភាគសង្គម និងតំណាងសង្គមស៉ីវិល ចំនួន៤រូបផងដែរ បានចេញមុខរិះគន់យ៉ាងខ្លាំងក្លាចំពោះលោក សម រង្ស៉ី បន្ទាប់ពីបរាជ័យផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕