(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តជួបជាមួយ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា មិនបានពិភាក្សាអំពីរឿងនយោបាយនោះឡើយ ដោយសារតែលោក កឹម សុខា ត្រូវបានតុលាការហាមឃាត់សកម្មភាពនយោបាយ។

លោក មុត ចន្ថា បានអះអាងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបរវាង លោក កឹម សុខា និងអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោក កឹម សុខា នារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

មនុស្សជំនិតរបស់ លោក កឹម សុខា រូបនេះបានបញ្ជាក់ថា ជំនួបលើកនេះក៏មុនខុសនឹងជំនួបមុនៗដែរ ដោយលោកស្រីអគ្គរដ្ឋទូតអូស្រ្តាលីបានមកសួរសុខទុក្ខលោក កឹម សុខា។ លោកបញ្ជាក់បន្តថា ភាគីទាំងពីរ ក៏មានបំណងចង់ជួយលើកកម្ពស់ស្ថានភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក កន្លងទៅនេះ ភាគីទាំងអស់បានចែករំលែកបទពិសោធន៍ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយមិនបានពិភាក្សាអំពីបញ្ហានយោបាយ នោះឡើយ៕