(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការ សមាជិកាសាខាសមាគមនារីខេត្ត និងប្រជាពលរដ្ឋ ជាង៥ម៉ឺននាក់ ប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តី រាំលេងកម្សាន្ត ការតាំងពិព័រណ៌ផលិតផល ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូល រួម អបអរ សា ទរ និងបង្កើ ន ភាពសប្បាយរីករាយ ឱ្យកាន់តែ មានភាពអធិកអធម បន្ថែមទៀត។

លោកអាចារ្យ វង្ស វិមាន ប្រធានសមាគមអាចារ្យខេត្ត បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

លោកអាចារ្យបានបន្ថែមថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលមានអភិបាលខេត្តយកចិត្តទុកដាក់ គិតគូរពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសិល្បៈ រៀបចំពិធីផ្សេងៗឡើង ជាក់ស្តែងដូចជាពិធីប្រណាំងទូក ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះក្នុងទឹកដីខេត្តពោធិ៍សាត់ ហើយទើបតែប្រារព្ធធ្វើ ជាលើកទី២ កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកាកន្លងទៅ នៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ ដោយមានទូកចូលរួមប្រគួតចំនួន៣១ទូក ស្នើនឹង១៥គូ។

សូមបញ្ជាក់ថា ថ្ងៃបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះសំពៅមាសនាពេលនេះ ក៏មានរៀបចំ គ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព របាំជូនពរ និងរបាំក្ងោកពោធិ៍សាត់ ដែលជាទំនៀមរាំលេងថ្វាយអ្នកតាព្រៃភ្នំ របស់អ្នកស្រុកជនជាតិព័រ ស្រុកភ្នំក្រវាញ តំបន់ក្សេត្របូរី ជូនប្រជាពលរដ្ឋទស្សនា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ៕