(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ដាក់ផែនការជំរុញឱ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនថែមទៀត ពាក់ព័ន្ធលើបញ្ហាសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យ នៅក្នុងក្រុងកំពត។

ការដាក់ផែនការ និងជំរុញនេះ ធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកអភិបាលខេត្ត ដឹកនាំមន្ត្រីនៃមន្ទីរ អង្គភាព ស្ថាប័ន និងអាជ្ញាធរដែលពាក់ព័ន្ធ ចុះត្រួតពិនិត្យការសាងសង់ និងពាក់ព័ន្ធបញ្ហាសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យតាមដងផ្លូវ នៅជុំវិញក្នុងក្រុងកំពត។ សម្រាប់ត្រៀមរៀបចំខ្លួន បម្រើដល់សកម្មភាពនូវព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ នៅចុងឆ្នាំ២០១៩ រួមនឹងព្រឹត្តិការណ៍ទេសចរណ៍ធំៗ ប្រចាំឆ្នាំមួយចំនួនទៀត ប្រកបដោយភាពជោគជ័យ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ពេលវេលានៃការរៀបចំ នូវព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ដែលខេត្តកំពត ត្រូវបានធ្វើ ជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០១៩នេះ កាន់តែខិតជិតចូលមកដល់ហើយ បើគិតមកត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពេលវេលាមានត្រឹមតែ រយៈពេលប្រមាណ៤០ថ្ងៃទៀតប៉ុណ្ណោះ។ ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានណែនាំដល់ចៅសង្កាត់ និងអភិបាលក្រុង រួមនិងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ អំពីតួនាទីភារកិច្ច របស់ខ្លួនតាមមុខសញ្ញាបន្ថែមទៀត។

ពិសេសអាជ្ញាធរក្រុង សង្កាត់ ទាំងប្រាំត្រូវតែបង្កើនការយកចិត្តទុកដាក់ សហការគ្នាដោយទទួលខុសត្រូវ ឱ្យបានសស្រាក់សស្រាំទាំងអស់គ្នា បន្ថែមទៀត លើការងារកែលម្អសោភណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានក្រុង ហើយការងារដែលត្រូវយកចិត្ត ទុកដាក់សំខាន់ថែមទៀត ដែលនោះ គឺអាជ្ញាធរក្រុង សង្កាត់ ក៏ត្រូវយកចិត្តទុកដាក់ ក្នុងចលនាបំផុសផ្សព្វផ្សាយប្រកាស តាមរយៈមធ្យោបាយផ្សេងៗ ដល់មហាជន ប្រជាជន ក៏ដូចសាធារណៈជនទូទៅ ឱ្យបានយល់ជ្រួតជ្រាបទទួលដឹង ដើម្បីចូលរួមអនុវត្ត និងលើកកម្ពស់ទាំងអស់ គ្នាពីបញ្ហាសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងក្រុងកំពតឱ្យបានកាន់តែល្អប្រសើរឡើង។ ព្រោះថាការងារជោគជ័យ ត្រូវតែមានការចូលរួមឱ្យបានព្រមគ្នា មិនថាឡើយថ្នាក់ដឹកនាំមន្ត្រីរាជការ ឬប្រជាពលរដ្ឋឡើយ ទើបការងារទាំងអស់នោះទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។

ក្នុងដំណើរសកម្មភាព ដែលលោកអភិបាលខេត្តដឹកនាំស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ និងសណ្ដាប់ធ្នាប់ សោភណ្ឌភាព អនាម័យ ក្នុងក្រុងកំពតនោះ លោកអភិបាលខេត្ត ក៏បានវាយតម្លៃជារួមថា ជាលទ្ធផលនៃការចុះពិនិត្យនៅតាមដងផ្លូវ និងសួនសាធារណៈសំខាន់ៗ ក្នុងសង្កាត់នីមួយៗ នៃក្រុងកំពត សង្កេតឃើញនៅពុំទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ទាំងប្រព័ន្ធលូបង្ហូរទឹក ទាំងប្រព័ន្ធផ្លូវថ្នល់ ក្នុងនោះចិញ្ចើមផ្លូវ និងចំណីផ្លូវនៅមានដី និងមានព្រៃព្រមទាំងស្មៅដុះ មានទឹកដក់ដោយដុំៗ និងមានការសាងសង់រំលោភចំណីផ្លូវ ពីសំណាក់ប្រជាពលរដ្ឋ។ រីឯចំណែកគំរបលូនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយនៅតាមផ្លូវក្នុងសង្កាត់នីមួយៗ៕