(ព្រះសីហនុ)៖ អតីតបេក្ខជនសមាជិកក្រុមប្រឹក្សា នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់អតីតគណបក្សសង្គ្រោះជាតិ លោក ណុប ប៊ុនរដ្ឋថា ប្រកាសឈប់គាំទ្រគណបក្សដែលត្រូវតុលាការរំលាយមួយនេះ និងសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយដឹងថា សម រង្ស៉ី បោកប្រាស់មិនវិលចូលស្រុក។

តាមលិខិតស្នើសុំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ណុប ប៊ុនរដ្ឋថា បានអះអាងថា បច្ចុប្បន្ននេះ ដោយមើលឃើញពីទង្វើក្បត់ជាតិរបស់ទណ្ឌិតសម រង្សី និងបក្សពួកមួយចំនួនទៀត ដែលធ្វើមិនល្អមកលើប្រទេសជាតិក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។ ជាពិសេសការឃោសនាបង្កចលាចលដោយគ្មានមូលដ្ឋានពិត ការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ប្រជាពលរដ្ឋ ដើម្បីតែអំណាចផ្ទាល់ខ្លួននិងបក្សពួកតែប៉ុណ្ណោះ។

ដោយមើលឃើញពីទង្វើបែបនេះ ទើបលោកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសុំចូលជាសមាជិលគណបក្សប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់ទឹកដី និងស្រលាញ់គណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។

គួរជម្រាបថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សខ្មោចមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕