(ភ្នំពេញ)៖ ក្រុមឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរលើផែនការថ្ងៃទី០៩ ខែវិច្ឆិកា ព្រោះតែមិនមានការគាំទ្រទាំងកម្លាំងខាងក្នុង និងខាងក្រៅប្រទេស បើទោះបីជា លោក សម រង្ស៉ី បានទៅដល់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយស្ថិតក្នុងសមាជិកអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំក៏ដោយ។

បញ្ហាមិនទទួលបានជោគជ័យរបស់ក្រុមពួកឧទ្ទាមក្រៅច្បាប់ ក៏ព្រោះតែមើលឃើញថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់ក្រុមក្បត់ជាតិ សម រង្ស៉ី មិនមានការចូលរួមគាំទ្រពីសំណាក់ ក្រុម លោក កឹម សុខា ព្រោះតែការខ្វែងគំនិតគ្នាលើយុទ្ធសាស្រ្តនយោបាយ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនទាក់ទងនឹងកាតព្វកិច្ចដាក់ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការលើជនត្រូវចោទឈ្មោះ កឹម សុខា ពោលគឺលោក កឹម សុខា អាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។

ទណ្ឌិត សម រង្ស៉ី ដែលបាត់មុខពីឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលច្រើនឆ្នាំ បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទទួលបានការចាប់អារម្មណ៍ទៅកាន់ខ្លួនលោកឡើងវិញ។ ចលនានេះត្រូវបាន លោក សម រង្ស៉ី ប្រកាសធ្វើសកម្មភាពចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកប្រទេសកម្ពុជា ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ចេញពីតំណែង។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ពិសេសតាមព្រំដែនកម្ពុជា-ថៃ គឺដំណើរការបានយ៉ាងល្អដូចធម្មតា មិនមានអ្វីប្រែប្រួលទេ ហើយប្រជាពលរដ្ឋបែរជាសប្បាយរីករាយនឹងការចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ទៅវិញ។

ទោះបីជា លោក សម រង្ស៉ី ខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីដាក់ទម្ងន់លើ លោក កឹម សុខា ឱ្យជាប់ពាក់ព័ន្ធនឹងតុលាការកាន់តែធ្ងន់នោះ ប៉ុន្តែបន្ទាប់ពីបាន មើលឃើញថា លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អ ក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាលនោះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។

លក្ខខណ្ឌថ្មីនេះរួមមាន៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ពោលគឺពេលនេះលោក កឹម សុខា អាចដើរហើយនៅទូទាំងប្រទេសកម្ពុជា និងអាចធ្វើសកម្មភាពផ្សេងៗដែលមិនពាក់ព័ន្ធនឹងនយោបាយ។

សូមបញ្ជាក់ថា តាំងពីដើមមក ក្រុមរបស់ លោក កឹម សុខា មិនបានគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ីនោះទេ ព្រមទាំងចេញមុខប្រឆាំងនឹងយុទ្ធសាស្រ្តដែលដាក់ចេញដោយ លោក សម រង្ស៉ី ជាបន្តបន្ទាប់៕

ដោយ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ