(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់អំពីស្ថានភាពអាកាសធាតុ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយផ្ទៃមេឃមានសភាពស្រឡះល្អ មិនមានភ្លៀងធ្លាក់នោះឡើយ។

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្នបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម។ ព្យុះនេះ នឹងធ្វើដំណើរចូលប្រទេសវៀតណាម នៅវេលាម៉ោងប្រមាណ១០យប់ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រាង។

តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេលធ្វើដំណើរចូលមកដល់កម្ពុជាវេលាម៉ោងប្រមាណ១រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ។ ជាទូទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយលើកលែងបណ្តាខេត្តនៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ។

ដោយឡែក តាមការព្យាករចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាព ដូចខាងក្រោម៖

*ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២-៤m/s។

*ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣អង្សាសេ សីតុណ្ហភាពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤m/s។

*ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s។

*ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s៕