(បាត់ដំបង)៖ លោក សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ជួបជុំគ្នាចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) និងទទួលទានអំបុក ជាមួយចេកទុំ ដូងខ្ចី ទឹកត្នោត ជាមួយប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង «អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ»។

លោក សួស អង្គារ៍ បានឲ្យដឹងថា ការរៀបចំពិធីអកអំបុក នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺដើម្បីអបអរសាទរ ដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុក ដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕