(កណ្តាល)៖ ស្របពេលប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ធ្វើពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយគគ្រឹកគគ្រេងទូទាំងប្រទេសនោះ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំស្រុក ប្រជាពលរដ្ឋ យុវជន និងមន្រ្តីរាជការទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏បាននាំគ្នាទទួលទានអំបុកសាមគ្គីនេះផងដែរ ដើម្បីឆ្លើយតបនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រជាពលរដ្ឋ យុវជន មន្រ្តីរាជការ ថ្នាក់ដឹកនាំស្រុកទូទាំងស្រុកកណ្តាលស្ទឹង បានប្តេជ្ញាការពារ និងគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មេក្រុមឧទ្ទាម សម រង្ស៉ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

គ្រាន់តែមកដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ភ្លាមគេឃើញតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ភូមិឃុំ បានជួបជុំគ្នាដាល់អំបុក និងពិសាអំបុកយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសប្រទេសជាតិ មានសុខសន្តិភាព ពេញបរិបូរណ៌។

សូមជម្រាបថា ក្នុងឱកាសថ្លែងលើវេទិកាសាធារណៈនានា និងតាមបណ្តាញសង្គម Facebook ក្តី សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ៕