(កណ្តាល)៖ លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ចំលង និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានរៀបចំពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយក្តីសោមនស្សរីករាយ សាមគ្គីភាព មិត្តភាព ក្នុងសុខសន្តិភាពមួយពេញផ្ទៃប្រទេស។

លោក ឈឹម សារ៉េត បានថ្លែងថា ពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ រៀបចំឡើងដើម្បីចូលរួមអនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាទិវាហូបអំបុកទូទាំងប្រទេស ស្របពេលដែរមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ បានប្រារព្ធពិធីដាល់អំបុក និងអកអំបុក ដើម្បីបន្តលើកកម្ពស់ទំនៀមទំលាប់ប្រពៃណី ដាល់អំបុកនៅពេលច្រូតកាត់ដើមរដូវ ត្រៀមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយលក្ខណៈពិសេសនៃពិធីអកអំបុកក្នុងឆ្នាំ២០១៩នេះ គឺត្រូវបានប្រារព្ធឡើង ក្នុងអត្ថន័យ «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»។

សូមបញ្ជាក់ដែរថា ហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានប្រកាសដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺចំថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតកងទ័ព ជាតិកម្ពុជា មានអត្ថន័យដ៏ជ្រាលជ្រៅ ទប់ស្កាត់ការ ប៉ុនប៉ងដោយចេតនាទុច្ចរឹត ខ្មៅកខ្វក់របស់ក្រុមជនក្បត់ជាតិ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើរដ្ឋប្រហារ បំផ្លាញ សុខសន្តិភាព រុញច្រានកម្ពុជាឲ្យធ្លាក់ចូល ក្នុងរណ្តៅវិនាសកម្ម និងភ្លើងសង្គ្រាមសារជាថ្មីព្រោះតែមហិច្ចតាចង់បានអំណាចនិងក្រោមការញុះញុង ពីបរទេស។

កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស បានបង្ហាញនូវការគាំទ្រពេញទំហឹង ទទួលអនុវត្តដោយស្មោះស្ម័គ្រចំពោះការជួបជុំហូបអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ និងបានត្រៀម លក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការចូលរួមទប់ស្កាត់ រាល់ការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចំណែកពិធីអកអំបុកសំពះព្រះខែ ត្រូវបានពណ៌នាថា គឺជាពិធីមួយ ដែលគេធ្វើឡើងដើម្បីឧទ្ទិស ដល់ការបំពេញបុណ្យបារមី របស់ព្រះពោធិសត្វ ក្នុងពេលដែលយោន យកកំណើតជាសត្វទន្សាយ។ បណ្ឌិតដែលជាទន្សាយ ពោធិសត្វ បានបូជាព្រះកាយ ដោយលោតចូលគំនរភ្លើងដ៏ធំ ដើម្បីចម្អិនសាច់ឲ្យឥន្ទព្រាហ្មណ៍ ដែលកំពុងស្រេកឃ្លាន បរិភោគជាអាហារ។ ការណ៍នេះ បានធ្វើឲ្យព្រះឥន្ទ្រយកថ្មទៅគូសជាសត្វទន្សាយនៅមណ្ឌលព្រះច័ន្ទ។

ផ្អែកលើជំនឿ និងការគោរពបូជា តាមបែបព្រះពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរ បានប្រារព្ធពិធីអកអំបុកតៗគ្នា ដោយបានរៀបចំរណ្តាប់គ្រឿងសក្ការៈបូជាជាច្រើនមុខ រួមជាមួយអំបុក ចេកទុំ ដូង ស្ករត្នោត ឬស្ករស និងផ្លែឈើ ថ្វាយដល់ព្រះច័ន្ទ ឧទ្ទិសបួងសួងសុំសេចក្តីសុខ ចម្រើនគ្រប់ៗរូបរហូតដល់ពេលបច្ចុប្បន្ន។ ប្រជាជនខ្មែរនិយម បរិភោគអំបុកជាមួយចេកទុំ ដូង ស្ករត្នោត ឬស្ករស ទៅតាមចំណូលចិត្តរៀងៗខ្លួន និងតាមតំបន់នីមួយៗ៕