(កំពង់ធំ)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្រាប់នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃនេះលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី បានរៀបចំ និងដឹកនាំមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមហូបអំបុក និងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងសប្បាយរីករាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណ៥,០០០នាក់។

លោក ឈុន ឈន់ បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។

លោក ឈុន ឈន់ បានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

ជាមួយគ្នានេះ លោក សុខ លូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយលោកបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។

លោក សុខ លូ បានលើកឡើងថា ការប្រារព្ធទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទនេះ គឺដើម្បីរម្លឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រមានតម្លៃ បំផុតនៃមាតុភូមិកម្ពុជា ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដម របស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕