(កែប)៖ លោក សំ សារិន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក កែន សត្ថា អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ប្រជាពលរដ្ឋ គ្រូបង្រៀនសិស្ស និស្សិត ចូលរួមហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកែប។

ទីតាំងពិធីបានរៀបចំតុបតែង អំបុក ចេក ដូង ស្ករត្នោត ផ្កាភ្ញី ដែលមានលក្ខណៈជាប្រពៃណីខ្មែរ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩។

លោកអភិបាលខេត្តកែប បានរម្លឹកថា នៅថ្ងៃ ៩ វិច្ឆិកានេះ ពិធីអកអំបុក សំពះព្រះខែ បាននិងកំពុងប្រព្រឹត្តទៅ ស្របពេលមានចលនាក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានដាក់ចេញគម្រោង ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាល និងរបបរាជានិយម។

លោកអភិបាលខេត្តកែប បានថ្លែងថា ការប្រារព្ធទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនេះ គឺដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រមានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដមរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយឡែក នៅថ្ងៃនេះ រដ្ឋបាលខេត្តកែប បានរៀបចំសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋយើង ទោះបីមិនបានជួបជុំគ្នាទាំងអស់មែន ប៉ុន្តែថ្ងៃនេះ សម្រាប់ខេត្តកែប ត្រូវធ្វើពិធីគោរពទូទាំងខេត្ត ក្នុងទីវត្តអារាម និងនៅតាមទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ភូមិឃុំសង្កាត់ស្រុកក្រុងទាំងអស់។

លោកអភិបាលខេត្ត ក៏ឆ្លៀតឱកាសអរគុណដល់មន្ត្រីក្រោមឱវាទ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាបង្កើតពិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រនេះឡើង ហើយនឹងបន្តពេញមួយថ្ងៃនេះ រហូតដល់បងប្អូនយើងបានហូបអំបុកគ្រប់ៗគ្នា បានឆ្អែត និងបន្តសប្បាយជាមួយគ្នាទៀត ឆ្លើយតបទៅនឹង ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕