(ព្រះសីហនុ)៖ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ, ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំពិធីហូបអំបុកសាមគ្គី អកអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ប្រកបដោយក្តីសប្បាយរីករាយ។

ពិធីនេះដឹកនាំដោយប្រធានក្រុមប្រឹក្សាខេត្តលោក ជាម ហ៊ីម និងអភិបាលខេត្តលោក គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងក៏ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រឆាំងគម្រោងធ្វើរដ្ឋប្រហារ និងផ្តួលរំលំរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៉ី។

គ្រាន់តែមកដល់ថ្ងៃទី០៩ ខែវិច្ឆិកានេះភ្លាម គេឃើញតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ភូមិឃុំ បានជួបជុំគ្នាដាល់អំបុក និងពិសាអំបុកយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសប្រទេសជាតិ មានសុខសន្តិភាព ពេញបរិបូរណ៍។

ក្នុងឱកាសថ្លែងលើវេទិកាសាធារណៈនានា និងតាមបណ្តាញសង្គម Facebook ក្តី សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ ប្រឆាំងជាមួយផែនការរបស់ក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី៕