(ប៉ៃលិន)៖ ក្រៅពីការពង្រឹងការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅច្រកទ្វារព្រំដែននោះ កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅច្រកទ្វារអន្ដរជាតិព្រំ ស្ថិតក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមពិធីពិសាអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ពិធីដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលប្រចាំការដឹកនាំបញ្ជានៅតំបន់នោះ ព្រមទាំងមានការផ្តល់កិត្តិយសចូលរួមពីសំណាក់អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុលផងដេរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

គួរជម្រាបថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ជាប់ព្រំដែនប្រទេសថៃ តាំងពីព្រឹកព្រលឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីទេ។ នេះបើតាមសមត្ថកិច្ចប្រចាំការនៅតំបន់នេះ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់រួមមាន៖ នគរបាល អាវុធហត្ថ និងយោធា នៅតែបន្តប្រចាំការនៅតំបន់នេះ ក៏តាមព្រំដែនកម្ពុជា-ថៃផ្សេងៗទៀតផងដែរ ដើម្បីការពារចំពោះការ ប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជា សន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃ នៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន៕