(បាត់ដំបង)៖ ក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនព្រំ ក្នុងខេត្តប៉ៃលិន មានភាពស្ងប់ស្ងាត់នោះ សម្រាប់ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ ឯណោះវិញ តាំងពីព្រឹកព្រលឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងនេះ ក៏មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនកើតឡើងនោះឡើយដែរ។ នេះបើតាមសមត្ថកិច្ចប្រចាំការនៅតំបន់នេះ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

មន្រ្តីសមត្ថកិច្ចដែលឈរជើងនៅច្រកដូង បានបញ្ជាក់ថា «មិនមានអីជាការកត់សម្គាល់នោះឡើយ ធម្មតាទេ បងប្អូនយើងចេញចូលធម្មតា ហើយកម្លាំងរបស់យើងឈរជើងនៅទីនោះធម្មតា និងនាំគ្នាហូបអំបុកយ៉ាងឆ្ងាញ់ ដែលជាទិវាពិសាអំបុកទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»

ដោយឡែក កងកម្លាំងប្រដាប់អាវុធជាច្រើននាក់រួមមាន៖ នគរបាល អាវុធហត្ថ និងយោធា នៅតែបន្តប្រចាំការនៅតំបន់នេះ ដើម្បីការពារចំពោះការ ប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជាទាំងមូល។ ចំណែកកម្លាំងសមត្ថកិច្ចថៃ នៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។

លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕