(បន្ទាយមានជ័យ)៖ ចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីព្រឹកព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងប្រមាណ៩ព្រឹកនេះ មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីទេ។ នេះបើតាមសមត្ថកិច្ចប្រចាំការនៅតំបន់នេះ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានព័ត៌មាន Fresh News។

ប្រជាពលរដ្ឋ និងរថយន្តទេសចរណ៍ចេញចូលជាធម្មតា។ ទោះជាយ៉ាងនេះក្តីកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ នៅតែបន្តប្រចាំការនៅតំបន់នេះ ក៏ដូចជាព្រំដែនកម្ពុជា-ថៃ ផ្សេងៗទៀត ដើម្បីការពារចំពោះការប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃនៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។

លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់ នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕