(ភ្នំពេញ)៖ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនូវការអបអរសាទរដល់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ដែលជាខួបលើកទី៦៦ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។

Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយនៅព្រឹកនេះ នូវសេចក្តីថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទាំងស្រុងយ៉ាងដូច្នេះថា «តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា។
ដោយមើលឃើញគុណតម្លៃរួមគ្នា របស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជា មួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ»។

សូមជម្រាបថា ប្រធានាធិបតីនៃប្រទេសមហាអំណាចលើពិភពលោក សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ។

បើតាមសារលិខិតលោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់កម្ពុជាថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវ ព្រះរាជណាចក្រ ដែលប្រកបដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»

គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប៦៦ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ត្រូវបានប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ៕

Advertising