(ភ្នំពេញ)៖ នៅរៀងរាល់ថ្ងៃ ៩ វិច្ឆិកា កម្ពុជាតែងមានការប្រារព្ធពិធីបុណ្យឯករាជ្យជាតិយ៉ាងមហោឡារិក នៅវិមានឯករាជ្យក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងការមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលមកពីក្រសួងមន្ទីរនានាផងដែរ។

ប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ក៏បានទៅចូលរួមអបអរសាទរនាវិមានឯករាជ្យនោះផងដែរ។

ហេតុអ្វីបានជាពិធីបុណ្យឯករាជ្យត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ? តើវិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំណា?

ក្រោយពេលការទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមន៍បារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ត្រូវបានបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។

វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់មូលចរាចររវាងមហា វិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

វិមានឯករាជ្យ រចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) មានកម្ពស់២០ ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់២០, ១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត គួរជាទីទាក់ទាញដូចជា ដាក់ភ្លើងពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម ដែលការកែលំអរនេះចំណាយថវិកាអស់ ប្រហែល៥០០លានរៀល។ ដោយមានសភាពចាស់ទ្រុឌទ្រោម ហើយពេលខ្លះបានធ្លាក់បំណែកស៊ីម៉ង់ត៍ទាំងផ្ទាំងៗ ដែលជាការព្រួយបារម្ភ ខ្លាចមានគ្រោះថ្នាក់ នាពេលណាមួយនោះ។

ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដោយចំណាយប្រាក់អស់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក ដែលជួសជុលរួចរាល់មុនពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២។

វិមានឯករាជ្យមានប្រាំថ្នាក់ ដែលរំលេចទៅដោយពស់នាគរាជ្យចំនួន១០០នេះ គឺមានចំណុចមួយទៀតគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែល ព្រះអាទិត្យអស្តង្គត (ជិតលិច) ចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំង៕

Advertising