(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសសម្តែងការសោកស្តាយជាខ្លាំង នៅពេលបានទទួលដំណឹង អំពីការចេញផ្សាយព័ត៌មាន របស់លោកស្រី Rhona Smith អ្នកសរសេររបាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការវិវឌ្ឍចុងក្រោយនៅកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចាត់ទុកថា ការចេញផ្សាយព័ត៌មានខាងលើមានការវាយតម្លៃ ដែលពុំមានតុល្យភាព និងបង្កឱ្យការភាន់ច្រឡំក្នុងចំណោមសាធារណៈមតិ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ មានកាតព្វកិច្ច ផ្តល់ជូននូវការបកស្រាយទាំងអង្គហេតុ និងអង្គច្បាប់ ដូចតទៅ៖

១៖ ក្នុងបរិបទដែលមានការបំពានច្បាប់ វិធានការផ្លូវច្បាប់របស់អាជ្ញាធរ ចំពោះទង្វើខុសច្បាប់មិនអាចបកស្រាយថា ជាការបង្ក្រាបផ្នែកនយោបាយបានទេ។ ការអនុវត្តបែបនេះ ពុំមានអ្វីខុសប្លែកគ្នាក្នុងបណ្តាសង្គមប្រជាធិបតេយ្យទាំងអស់។ ការអនុវត្តច្បាប់នៅកម្ពុជា ពុំបានដាក់គោលដៅលើក្រុមជាក់លាក់ណាមួយឡើយ គឺអនុវត្តលើបុគ្គលដែលបំពានច្បាប់ទាំងអស់ ដោយរាប់បញ្ចូលទាំងបុគ្គល ដែលអ្នកសរសេររបាយការណ៍ពិសេសខ្លួនឯង ក៏បានសម្តែងការមិនគាំទ្រផងដែរ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី នៅសម័យប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩។ ដូច្នេះ អ្នកសរសេររបាយការណ៍ពិសេស គួរតែបានសម្តែងការគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ជាជាងការបរិហារលើប្រតិបត្តិការនៃអនុវត្តច្បាប់នៅកម្ពុជា។

២៖ សិទ្ធិមនុស្ស រាប់បញ្ចូលទាំងសេរីភាព នៃការបញ្ចេញមតិ និងការប្រមូលផ្ដុំ មិនមែនជាសិទ្ធិដាច់ខាតទេ។ សិទ្ធិសេរីភាពទាំងនេះមានដែនកំណត់។ មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋសមាជិក ចែងថា ការប្រើប្រាស់សេរីភាព នៃការបញ្ចេញមតិ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស ដោយពិចារណាទៅលើដែនកំណត់ចែងដោយច្បាប់ ដូចជា ការគោរពសិទ្ធិ ឬកិត្តិយសរបស់អ្នកដទៃ និងកិច្ចការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះសេចក្តីថ្លែងការណ៍នយោបាយ និងការបញ្ចេញមតិលើកិច្ចការសាធារណ:ដែលមានការប្រមាថ ញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ប្រកាន់ជាតិសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ពុំមាន
តម្លៃស្មើនឹងសេរីភាពបញ្ចេញមតិឡើយ។ ប្រសិនបើនិន្នាការនេះ មិនត្រូវបានពិនិត្យឲ្យបានត្រឹមត្រូវទេ ចុងបញ្ចប់វានឹងធ្វើឱ្យសេរីភាពបញ្ចេញមតិ ត្រូវគេយកទៅបំផ្លែងផ្ទុយពីស្មារតីដើម និងប្រើប្រាស់ជាឧបករណ៍ធ្វើឱ្យនីតិរដ្ឋ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យចុះខ្សោយតែម្តង និងជារៀងរហូត។

៣៖ អាជ្ញាធរកម្ពុជា ដែលអនុវត្តតាមកាតព្វកិច្ចអន្តរជាតិខាងលើ និងច្បាប់ជាតិពាក់ព័ន្ធ (ដូចជា មាត្រា៤៥១ និងមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ) បានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស និងអ្នកសមគំនិត ដែលប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល តាមមធ្យោបាយមិនមានលក្ខណៈប្រជាធិបតេយ្យ និងការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន។

៤៖ ការពង្រាយកងកម្លាំង គឺជាកាតព្វកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ ការពាររដ្ឋ និងទប់ស្កាត់រាល់កម្លាំងណាមួយដែលមានចេតនាធ្វើរដ្ឋប្រហាររំលំ រដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជន។ ការពង្រាយកងកម្លាំងនេះក៏មានគោលបំណងធានាឱ្យមានបរិយាកាសសន្តិភាព សុវត្ថិភាព និងសុខដុមរមនា ដែលអនុញ្ញាតឱ្យប្រជាជនទូទាំងប្រទេសទទួលបានសិទ្ធិនិងសេរីភាពនៅគ្រប់ឱកាសវប្បធម៌ ដោយអនុលោមតាមគោលការណ៍យ៉ាងតឹងរឹងក្នុងការប្រើប្រាស់កម្លាំង ចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលបំណងស្របច្បាប់។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ ឋានៈសង្គម ដូចដែលមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ អ្នកបំពានច្បាប់នឹងត្រូវបានចោទប្រកាន់និងកាត់ទោសតាមនីតិវិធី ដោយឈរលើមូលដ្ឋាននៃបទល្មើស ប្រកបដោយភស្តុតាងរឹងមាំ ពុំមែនដោយសារតែជនល្មើសស្ថិតក្នុងក្រុមណាមួយនោះទេ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានយល់ឃើញថា អាណត្តិរបស់អ្នកសរសេររបាយការណ៍ពិសេស គឺជួយកម្ពុជាក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស តាមរយៈកិច្ចកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ពុំមែនចេញផ្សាយព័ត៌មានសាធារណៈណាមួយដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និង ត្រូវបានគេមើលឃើញថា ជាអំពើជ្រៀតជ្រែកចូលទៅក្នុងយុត្តធិការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយនោះទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឆ្លើយតបនឹងអ្នកស្រី រ៉ូណា ស្មីត៖