(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខមេទ័ពកំពូលៗរបស់កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងខ្លាំងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សូម្បីតែស្រាតខោអាវអស់ពីខ្លួន ក៏ត្រូវតែការពារសុខសន្តិភាព ស្ថិរភាព និងការពាររាជរដ្ឋាភិបាលកម្ពុជាឱ្យបាន គឺមិនឱ្យជនណាម្នាក់បំពានបាននោះទេ។

ការបញ្ជាក់ជំហរដាច់ណាត់ ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនិយោបាយ និងរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានប្រកាសជាជំហរ តាមរយៈបណ្តាញសង្គមថា ខ្លួន និងបក្ខពួកនឹងមកចាប់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ឱ្យចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ដែលប្រសូត្រឡើងដោយការបោះឆ្នោត ជាពិសេសទណ្ឌិតរូបនេះ បានប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់ របស់ប្រជាពលរដ្ឋទាំងមូលជាដើម។

ការថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាព បើកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាកំណើន កងយោធលខេមរភូមិន្ទ (០៩-១១-១៩៥៣/០៩-១១-២០១៩) នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលអង្គមិន្ទីញនេះ បានប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យការពារជាតិ។

ប្រមុខការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ទោះតម្លៃណាក៏ដោយ ត្រូវតែការពារឱ្យ បាននូវសន្តិភាព បើអ្នកឯងមកបំផ្លិចបំផ្លាញសន្តិភាព ស្រាតខោអាវអស់ ក៏ធ្វើដែរ គឺទប់ទល់ឱ្យបាន ថែរក្សាសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ធ្វើដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រទេសកម្ពុជា ជារដ្ឋមួយមានឯករាជ្យ រដ្ឋាភិបាលត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំប្រទេស បែរជាទណ្ឌិតរូបនេះមកចង់បំផ្លាញ និងចង់មកផ្តួលរំលំទៅវិញ គឺមិនអាចឱ្យក្រុមអ្នកធ្វើអ្វីឱ្យវាហួសហេតុបាននោះទេ គឺត្រូវតែការពារឱ្យបានជាដាច់ខាតនូវសុខ សន្តិភាព ស្ថិរភាព នយោបាយដែលកម្ពុជា កំពុងតែមាននៅពេលបច្ចុប្បន្ននេះ ឱ្យខានតែបាន។

សម្តេចពិជ័យសេនា បានបបញ្ជាក់ថា ប្រវត្តិសាស្ត្ររបស់កម្ពុជា រាប់រយឆ្នាំមកនេះ មិនដែលធ្លាប់ទទួលបានសុខសន្តិភាព ការបង្រួបបម្រួបជាតិ ដូចសម័យតេជោនោះទេ តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយនេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូរសប្បាយ មានសិទ្ធិបញ្ចេញមតិ និងប្រកបរបររកស៊ីបានដោយសេរីផងដែរ។

បំណងដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៊ី វិលត្រឡប់កចូលក្នុងប្រទេសកម្ពុជាវិញ ដោយចូលតាមច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបាននាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន ដោយលោកអះអាងថា តាមស្មារតីរបស់អាស៊ាន លោក សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឱ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ៕

Advertising