(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការសំណេះសំណាលជាមួយកងកម្លាំងទាំង ៣ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តកំពត។

កម្មវិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ជាតំណាងឲ្យកងកម្លាំងទាំង ៣ប្រភេទ, មេបញ្ជាការ និងជួរថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងខេត្ត, កងរាជអាវុធហត្ថខេត្ត, ព្រមទាំងមេបញ្ជាការរង ស្នងការរងនិងនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល និងកងម្លាំងអាវុធហត្ថប្រមាណជិត ៦០០នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងត្រៀមអនុវត្តន៍បទបញ្ជាបង្ក្រាបក្រុមក្បត់ជាតិ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកក៏ជំរុញដល់កងកម្លាំង ត្រូវប្តេជ្ញាការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅ ក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបានថ្លែងអំណរគុណ និងសរសើរដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកនេះ តែងតែគាំទ្រយ៉ាងសកម្ម ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ស្របតាមតួនាទី ភារកិច្ចរៀងរៀនខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលកើតឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កងកម្លាំងប្រដាប់អាវុធទាំងអស់ តែងតែបង្ក្រាបបទល្មើសគ្រប់ពេលវេលា។

ជាពិសេស កងកម្លាំងការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម ទទួលបានល្អប្រសើរនៅក្នុងឆ្នាំកន្លងទៅនេះ ហើយក៏មានព្រឹត្តការណ៍ធំៗជាច្រើន ដូចជាការបោះឆ្នោតជ្រើសរើស ព្រឹទ្ធសភា រដ្ឋសភា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការពារសណ្ដាប់ធ្នាប់ ជូនដល់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទូទាំងខេត្ត និងការពារសម្ភោធទឹកស្អាតនៅរោងចក្រទឹកស្អាតក្នុងភូមិសាស្ត្រក្រុងកំពត។

លោក ជាវ តាយ បានលើកឡើងថា បច្ចុប្បន្ននេះមានបុណ្យជាតិធំៗ ហើយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានខិតខំប្រឹងប្រែង ការពារ សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអត់មានខ្លាចនឿយហត់ ដូចជាកន្លងមកនេះ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានកម្លាំងប្រដាប់អាវុធទាំងអស់ តែងតែយកចិត្តទុកដាក់ ហើយការពារគ្រប់បែបយ៉ាង មិនថាយប់ ឬថ្ងៃឡើយ ដែលធ្វើឲ្យភូមិសាស្រ្តខេត្តកំពតទទួលបាន ការអបអរសាទរពីប្រជាពលរដ្ឋ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និងលើផ្នែកផ្សេងៗទៀត ដែលកន្លងមកបានអនុវត្តល្អប្រសើរ។

លោកអភិបាលខេត្ត ក៏បានបន្តថា ថ្មីៗនេះមានក្រុមឧទ្ទាមក្រៅច្បាប់ បានបង្កឲ្យមានភាពចលាចល ដែលធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ។ ដូច្នេះក្នុងនាម គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ឃើញថា កម្លាំងប្រដាប់អាវុធទាំងអស់បានពង្រឹងសមត្ថភាព ដើម្បីការពារសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។

លោកលើកឧទាហរណ៍ ដូចជានៅក្នុងពេលថ្មីៗកន្លងមកនេះ ក្រុមឧទ្ទាម សម រង្ស៊ី ដែលតែងលើកឡើងនូវបញ្ហា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែអ្វីៗដែលសំខាន់នោះ គឺប្រទេសជាតិមានសុខសន្តិភាព មិនមានបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចនោះទេ។ ទ

ទន្ទឹមនេះលោកអភិបាលខេត្ត រំលឹកថា នៅថ្ងៃ ៩វិច្ឆិកាស្អែកនេះ ពិធីអកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក៏បានដាក់ចេញគម្រោងដើម្បីធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាល ដែលមានឧក្រិដ្ឋជន សម រង្ស៊ី នេះជាចំណុចមួយដែលគួរចាប់អារម្មណ៍។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បាននាំយកនូវសម្ភារជាស្បៀងមានដូចជា អង្ករ ត្រីខកប៉ុង មីកញ្ចប់ និងស៊ីអុីវ ដើម្បីជួយផ្គត់ផ្គង់បន្ថែមដល់កងកម្លាំងទាំង ៣គ្រប់ប្រភេទ ក្នុងនោះរួមមាន៖ អង្ករ ចំនួន ១០តោន, មីកញ្ចប់ ចំនួន ៣០០ កេស, ត្រីខកំប៉ុង ចំនួន ៣០ កេស,ទឹកស៊ីអុីវ ចំនួន ៧៥កេស គិតជាថវិកាសរុបប្រមាណជា ៣៦.១០០.០០០រៀល៕

Advertising