(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះពិនិត្យតង់គិលានសង្គ្រោះចំនួន១២ទីតាំង សម្រាប់ផ្ដល់សេវាសង្រ្គោះបឋមជូនពលរដ្ឋ ដោយឥតគិតថ្លៃ អំឡុងពេលមកដើរកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថាបន្ដថា «យើងមានក្រុមគ្រូពេទ្យផ្តល់សេវាសង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ»

ដើម្បីការពារកុំឲ្យមានបញ្ហាសុខភាពក្នុងពេលដើរលេងកម្សាន្តសប្បាយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លងរោគឆ្លងនានា និងការពារការរាគរូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាពចំណីអាហារ បរិភោគចំជាអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬដាំពុះ ជាពិសេស សូមកុំច្រាន ឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ បើបងប្អូនវិលមុខ ឬស្រវាំងភ្នែកសុំអង្គុយ និងហៅរកអ្នកជួយសង្គ្រោះ។

ទន្ទឹមនឹងនេះ ក្រសួងបានចាត់ចែងឲ្យមានសេវារថយន្តសង្គ្រោះ និងការពិនិត្យព្យាបាលនៅតាមកន្លែងតង់សុខភាព ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងដូចបានរៀបរាប់ខាងក្រោមនេះបានដោយគ្មានការបង់ថ្លៃឡើយ ឬសូមទំនាក់ទំនងលេខ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។ លើសពីនេះ ក្រសួងក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័តក្នុងហ្វូងប្រជាពលរដ្ឋ ដោយមានឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលគាត់អាចមានបញ្ហាសុខភាព
ហើយមិនអាចមករកគ្រូពេទ្យនៅតាមតង់សុខភាព ឬរថយន្តសង្គ្រោះបានផងដែរ។

ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន៣គ្រឿង រថយន្តគ្លីនិកចល័ត ៤គ្រឿងផ្តល់សេវា២៤ម៉ោង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោងចំនួន ១២ កន្លែងផ្សេងៗគ្នាផងដែរ។

បើមានបញ្ហាសុខភាព សូមប្រជាពលរដ្ឋស្វែងរកសេវាពិនិត្យសុខភាពនៅតាមទីតាំងកំណត់ដូចខាងក្រោម៖

១៖ រថយន្តគ្លីនិកចល័ត៤គ្រឿង ផ្តល់សេវា២៤ម៉ោង ៤កន្លែង រួមមាន៖

*នៅមជ្ឈមណ្ឌលកោះពេជ្រ
*នៅទីធ្លាមុខវត្តបុទុមវត្តី
*នៅជ្រោយចង្វារមណ្ឌល OCIC
*នៅជ្រោយចង្វារក្បែសណ្ឋាគារសុខាភ្នំពេញ

២៖ តង់សុខភាពចំនួន ១២ តង់តាមទីតាំង (ផ្តល់សេវា ២៤ម៉ោង)៖

*តង់ទី១ នៅកោះពេជ្រ
*តង់ទី២ នៅស្តូបកម្ពុជា-វៀតណាម
*តង់ទី៣ នៅសួនច្បារមុខនាយកដ្ឋានអង្គរក្ស
*តង់ទី៤ នៅបរិវេណសណ្ឋាគាររណសិរ្ស
*តង់ទី៥ នៅមុខគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
*តង់ទី៦ នៅក្បែរវេទិកាកិត្តិយសខាងត្បូង
*តង់ទី៧ នៅក្បែរវេទិកាកិត្តិយសខាងជើង
*តង់ទី៨ នៅមុខវត្តឧណ្ណាលោម ព្រះគន្លង
*តង់ទី៩ នៅផែថ្មរាជធានីភ្នំពេញ
*តង់ទី១០ នៅគល់ស្ពានបេឡេត្រើយខាងកើត
*តង់ទី១១ នៅខាងត្បូងគល់ស្ពានបេឡេត្រើយខាងកើត មណ្ឌល OCIC
*តង់ទី១២ នៅរង្វង់មូលនាងមច្ឆាមណ្ឌល OCIC

៣៖ រថយន្តសង្គ្រោះចំនួន ៣៩គ្រឿង ប្រចាំការតាមកន្លែងដូចខាងក្រោម៖

*១១ គ្រឿង ប្រចាំការនៅតង់សុខភាពទាំង១២កន្លែង (២៤ម៉ោង)
*១៦ គ្រឿង ប្រចាំការតាមដងផ្លូវ កន្លែងសាធារណៈ តាមដងទន្លេទាំងសងខាង និងទីកន្លែងផ្សេងៗពីគ្នា
*១២ គ្រឿង ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករចំនួន១០ខេត្ត ខាងក្រោម (២៤ម៉ោង)៖ ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ចាម, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តក្រចេះ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ធំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តស្វាយរៀង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តព្រៃវែង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកណ្តាល, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តត្បូងឃ្មុំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តតាកែវ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តពោធិសាត់, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តបន្ទាយមានជ័យ។

ដោយឡែក ក្រសួងបានត្រៀមរថយន្តសង្គ្រោះចំនួន២៥គ្រឿងបន្ថែមទៀត ប្រចាំនៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។ សរុបរថយន្តសង្គ្រោះដែលត្រៀមមាន ៦៨ គ្រឿង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោកវេជ្ជបណ្ឌិត សុខ ស៊្រុន ដែលមានលេខទូរស័ព្ទ៖០១២ ៩១២ ១២២៕