(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា បានជាប់ជាធនាគារ ដែលមានសុវត្ថិភាពបំផុត ក្នុងចំណោមធនាគារចំនួន៥០ របស់ពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថាប័នអន្តរជាតិ Global Finance មានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។

ការផ្តល់ចំណាត់ថ្នាក់ធនាគារអេស៊ីលីដា ជាធនាគារមានសុវត្ថិភាពបំផុតក្នុងពិភពលោកនេះ ត្រូវបានរៀបចំឡើង ដោយស្ថានប័នវាយតម្លៃ Global Finance ដែលទើបតែប្រកាសលទ្ធផលនាពេលថ្មីៗនេះ។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានចាត់ទុកលទ្ធផលនេះ គឺមោទនភាពរបស់កម្ពុជា ដែលមានធនាគារមួយ បានបង្ហាញឈ្មោះលើឆាកអន្តរជាតិ ជាធនាគារដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោក (The Safest Banks By Country 2019) ត្រូវបានវាយតម្លៃដោយស្ថាប័នដ៏ធំរបស់អន្តរជាតិ។

លោកប្រធាននាយកប្រតិបត្តិបានបញ្ជាក់ថា​ ចាប់តាំងពីឆ្នាំ២០១៣ មកស្ថាប័ន Global Finance នេះ បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់ជូនធនាគារអេស៊ីលីដា ជាបន្តបន្ទាប់ ជាធនាគារល្អបំផុត តាមប្រភេទ (Category) ផ្សេងៗ ហើយសម្រាប់ឆ្នាំ២០១៩នេះ អេស៊ីលីដា ជាប់ជាធានាគារដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោក ក្នុងចំណោមធនាគារចំនួន៥០ នៅជុំវិញពិភពលោក (The Safest Banks By Country 2019)។

លោក អ៉ិន ចាន់នី បានបញ្ជាក់ថា មុនពេលផ្តល់ជូនចំណាក់ថ្នាក់នេះ ស្ថាប័ន Global Finance បានធ្វើការពិនិត្យ និងវាយតម្លៃលើលក្ខណៈសំខាន់ៗ និងចាំបាច់មួយចំនួន។

សេចក្តីប្រកាសព័ត៌មានរបស់ Global Finance បញ្ជាក់ថា ការគណនា និងជ្រើសរើសធនាគារសុវត្ថិភាពបំផុតរបស់ពិភពលោក ធ្វើឡើងតាមរយៈការវាយតម្លៃរយៈពេលវែង លើរូបិយប័ណ្ណអន្តរជាតិ ទៅតាមតំណាក់កាលសំខាន់ៗ ព្រមទាំងទ្រព្យសរុបនៃធនាគារធំៗបំផុតទាំង១,០០០លើពិភពលោក៕