(កណ្តាល)៖ ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា អញ្ជើញទៅដាក់បុណ្យជារៀងរាល់ឆ្នាំ នៅតាមវត្តនានាយ៉ាងខ្ជាប់ខ្ជួន។

ជាក់ស្ដែងនៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយ ព្រះរតនត្រ័យ ព្រមទាំង នាំយកទេយ្យវត្ថុ និងបច្ច័យរបស់កាកបាទក្រហមកម្ពុជា ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ កាកបាទក្រហមកម្ពុជា បាននាំយកនូវបច្ច័យចំនួន៤០លានរៀល និងទេយ្យវត្ថុរួមមាន អង្ករ៣តោន មី១០០កេស ត្រីខ១០កេសធំ ទឹកក្រូច៣០កេស ទឹកសុទ្ធ៣០កេស ទឹកដោះគោខាប់៥កេស កាហ្វេហ្គោរូស៣០កញ្ចប់ធំ តែ៥គីឡូក្រាម និងស្ករស៥០គីឡូក្រាម នឹងជួយសម្រាលការលំបាកដល់ព្រះសង្ឃ២៧៤អង្គ ដែលគង់នៅក្នុងវត្ត និងកំពុងបំពេញវិជ្ជា នៅពុទ្ធកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ទាំងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ ហើយថែមតែបានចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការងារសង្គមជាច្រើនទៀត៕

Advertising