(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទណ្ឌិត សម រង្ស៉ី ជាមេដឹកនាំដ៏អាក្រក់ ជាបុគ្គលបោកប្រាស់គ្មានបុគ្គលណាប្រៀបដូចបាន ក្រោយពេលទណ្ឌិតនេះ បានប្រកាសពន្យារពេលឡើងវិញ មិនវិលមកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ដូចការសន្យារ។

ការលើកឡើងបែបនេះរបស់ប្រមុខក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី ដែលបានសន្យាជាមួយអ្នកគាំទ្រថា នឹងវិលត្រឡប់មកកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះ បានប្រកាសពន្យារពេលត្រឡប់ចូលកម្ពុជាទៅវិញ ដោយចោទថា ក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ។

ក្នុងឱកាសបើកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាកំណើនកងយោធលខេមរភូមិន្ទ (០៩-១១-១៩៥៣/ ០៩-១១-២០១៩) នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរិះគន់សំដៅទៅកាន់ទណ្ឌិត សម រង្ស៉ី យ៉ាងដូច្នេះថា៖ «អានេះខូច មិនមែនខូចធម្មតាទេ គឺមហាខូច ឪម៉ែខូច មហាខូចហ្មង់ ខូចតាមពូជ ដូច្នេះគឺយើងទាំងអស់គ្នាដឹងស្រាប់ហើយលើកិច្ចការងារនេះ ហេតុអ្វីបានដល់ហ្នឹង»

សម្តេចពិជ័យសេនា ទៀ បាញ់ បានពន្យល់បុគ្គលមួយចំនួនដែលអួតខ្លួនថា ខ្លួនជាអ្នកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះថា ពាក្យថាប្រជាធិបតេយ្យ គឺរដ្ឋាភិបាលទទួលបានអាណត្តិដឹកនាំប្រទេសជាតិដោយការបោះឆ្នោត គាំទ្រពីមតិភាគច្រើនរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីជ្រើសរើសអ្នកដែលខ្លួនពេញចិត្ត ចំណុចនេះហើយទើបហៅថា ប្រជាធិបតេយ្យ។

ទោះបីជាយ៉ាងណា សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញក្តីអានិតអាសូរ ដល់សកម្មជន និងអ្នកគាំទ្រ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបាញ់បោកក្រុមនេះទាំងងងឹតងងុល តាមរយៈគំនិតដ៏អាក្រក់ ដែលឃោសនាប្រឌិតរឿងអាក្រក់ៗ យ៉ាងច្រើនចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ សម្តេចបញ្ជាក់ថា មានមនុស្សជាច្រើននាក់ រងទុក្ខទោសជាប់ខ្លួនដោយសារតែចាញ់បោក និងឧបាយកលរបស់ទណ្ឌិតរូបនេះផងដែរ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមសម រង្ស៉ី មិនតិចជាង២៥០នាក់ទេ បានចូលសារភាព។ ជាមួយគ្នានេះ ក៏មានមនុស្សមិនតិចជាង៤០នាក់ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។

បើតាម លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រហូតដល់ពេលនេះអ្នកពាក់ព័ន្ធនឹងចលនាឧទ្ទាម នៅតែមានឱកាសចូលសារភាពដដែល ដោយមិនទាន់ហួសពេលទេ ទោះបីជាមេខ្លោងរដ្ឋប្រហារ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក កំពុងគេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់ក៏ដោយ៕