(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង WURKZ និងក្រុមបាល់ទាត់ Manchester City នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសរួមគ្នាជាផ្លូវការ នូវកិច្ចសហការជាដៃគូពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាតែមួយ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅផ្សារទំនើប NOROMALL ផ្លូវនរោត្តម។

លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈប៉ូវកម្លាំង WURKZ បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា កិច្ចសហការជាដៃគូពាណិជ្ជកម្មជាមួយក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់កំពូលប្រចាំចក្រភពអង់គ្លេសនេះ គឺជាសមិទ្ធផលនៃភាពជោគជ័យថ្មីមួយទៀត សម្រាប់ផលិតផលភេសជ្ជៈប៉ូវកម្លាំង WURKZ បន្ថែមទៅលើភាពជោគជ័យ ដែលក្រុមហ៊ុនដណ្តើមបាននូវ ចំណែកទីផ្សារមួយចំណែកច្រើន ដូចការរំពឹងទុកសម្រាប់ឆ្នាំ២០១៩នេះ។

លោកបន្តទៀតថា «កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងដ៏មានសារៈប្រយោជន៍រួម មួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់កុមារក្រោមអាយុ ១៦ឆ្នាំ នៅតាមសហគមន៍តែម្តង គឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លីផ្ទាល់ ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ»។

លោកបន្ថែមទៀតថា ក្រុមហ៊ុនក៏កំពុងតែពិចារណាទៅលើរង្វាន់បន្ថែម សម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំងវើកផងដែរ គឺឱកាសឈ្នះបានរង្វាន់ទៅទស្សនកិច្ចចក្រភពអង់គ្លេស និងទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់ English Premiere League ប្រចាំឆ្នាំ។

លោក លាង ពៅ ក៏បានណែនាំឲ្យស្គាល់ផងដែរ នូវទូតសុឆន្ទៈទាំង០៤នាក់ ដំបូងគេបង្អស់របស់ភេសជ្ជៈប៉ូវកម្លាំង វើក។ អ្នកទាំងនោះ គឺកីឡាករខ្សែប្រយុទ្ធក្រុម Manchester City គឺលោក Gabriel Jesus, លោក Raheem Sterling និងកីឡាករខ្សែបម្រើប្រយុទ្ធលោក Riyad Mahrez រួមជាមួយនឹងកីឡាជម្រើសជាតិបាល់ទាត់កម្ពុជាមួយរូប គឺលោក ធារី ចន្ថាប៊ីន។

ចំណែកឯអ្នកតំណាងពីក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និងជានាយកគ្របគ្រងកិច្ចសហប្រត្តិបត្តការ បាល់ទាត់ប្រចាំអាស៉ីប៉ាស៉ីហ្វិក ថ្លែងថា តាមរយៈការវាយតម្លៃទាំងទៅលើទាំងកេរ្តិ៍ឈ្មោះ គុណភាព និងប្រភេទភេស្ជៈនេះ បូករួមជាមួយការគាំទ្រដ៏ច្រើនពីពលរដ្ឋកម្ពុជាចំពោះ ភេស្ជៈប៉ូវកម្លាំងវើក អាចសន្មត់បានថា ជាផលិតផលដែលសាកសមបំផុត ក្នុងកិច្ចសហការជាមួយក្រុមបាល់ទាត់នេះ ដើម្បីសម្រេចគោលបំណងរួមក្នុងការចូលរួមចំណែកបង្កើនសមត្ថភាព ដល់កុមារក្រោមអាយុ ១៦ឆ្នាំ នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាលើវិស័យបាល់ទាត់។

លោកបន្តទៀតថា «ក្នុងភាពជាដៃគូរនេះ យើងនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្ររបស់យើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអតិថិជន ដែលនិយមពិសាភេស្ជៈប៉ូវកម្លាំងវើកផងដែរ តាមរយៈការប្រឹងប្រែងការពារតំណែងជើងឯក ២រដូវកាលជាប់គ្នារបស់យើង នៅក្នុងការប្រកួតពាន English Premiere League ប្រចាំឆ្នាំ»

Advertising