(កណ្ដាល)៖ លោក សុខ សូកាន តំណាងរាស្ត្រមណ្ឌលតាកែវ បានប្រាប់ក្រុមចំណុះទូកជាង ៥០០នាក់ កុំចាញ់ឧបាយកលទុច្ចរិត មហាពិសពុល ក្រឡិចក្រឡុចរបស់ទណ្ឌិត សម រង្ស៊ី ឲ្យសោះ ព្រោះជននេះ ជាមនុស្សគ្រោះថ្នាក់បំផុតសំរាប់ប្រជាជាតិ និងប្រជាជនយើងយើង ហើយជនឧក្រិដម្នាក់នេះ នឹងនាំមកនូវភាពវឹកវរដល់សង្គមជាតិយើង និងនាំដល់ការបែកបាក់ជាតិ ហើយឈានដល់ការផ្ទុះសង្រ្គាមក៏អាចថាបានដែរ។

លោក សុខ សូកាន បានលើកឡើងបែបនេះ នៅក្នុងពិធីក្រុងពាលី និងអុំសាកល្បងទូកចំនួន ៤គ្រឿង នៅថ្ងៃទី៦ ខែវិច្ឆិកា នៅមាត់ទន្លេស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីហាត់សមកម្លាំង ត្រៀមចូលប្រកួតថ្នាក់ជាតិនាពេលខាងមុខនេះ។

ពិធីនេះក៏មានវត្តមានលោក សុខ ពុទ្ធិវុធ រដ្ឋលេខាប្រៃសនីយ៍ និងទូរគមនាគម លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សុខ ខាវ៉ាន់ រដ្ឋលេខាក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតនៅក្នុងពិធីនេះ លោក សុខ សូកាន បានលើកទឹកចិត្តដល់ក្រុមចំណុះទូកទាំងអស់ ត្រូវខិតខំហ្វឹកហាត់ឲ្យបានទៀងទាត់ ដើម្បីស្រុសដៃគ្នា ដឹងចិត្តគ្នា ស៊ីសង្វាក់ឲ្យខ្លាំងក្លា ដើម្បីប្រណាំងទូកថ្នាក់ជាតិនៅថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម ១ម៉ែត្រក៏ដោយ៕