(ភ្នំពេញ)៖ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា មានជើងហោះហើរត្រង់ទៅកាន់គោលដៅអន្តរជាតិចំនួន ៨៦គោលដៅ ដោយបានចេញ-ចូលប្រទេសចំនួន ១២ ខណៈមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍បានបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០១៩តទៅ គោលដៅដែលត្រូវបើកការហោះហើរត្រង់ជាមួយកម្ពុជានោះ នឹងមានការកើនឡើងបន្តបន្ទាប់ទៀត។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៨ ខែវិច្ឆិកានេះ លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិភ្ញៀវទេសចរ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា «គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានជើងហោះហើរត្រង់ទៅកាន់គោលដៅចំនួន ៨៦គោលដៅ ក្នុង១២ប្រទេស»។

បើតាមរបាយការណ៍អាកាសចរណ៍ ប្រទេសទាំង១២នោះ រួមមាន៖

* ប្រទេសចិន មានទៅមកទីក្រុងប៉េកាំង ក្វាងចូវ សៀងហៃ ឆឹងទូ ណាននីង ហាន់ចូវ ហុងកុង ម៉ាកាវ គួយយ៉ាង វ័រហាន តៃនីង គុងចូវ សឹនជិន គួនមីង សឺមិន ជីណាន ស៊ីអាន សានយ៉ា ហៃគួជាដើម។ តៃវ៉ាន់ មានទៅមកទីក្រុងតៃប៉ិ។
* វៀតណាម មានទៅមកទីក្រុងហាណូយ ហូជីមីង ដាណាង និងញ៉ាត្រាង។
* ឡាវ មានទៅមកទីក្រុងវាំងចន្ទន៍ និងហ្លួងព្រះបាង។
* ថៃ មានទៅមកទីក្រុងបាងកក និងភូកេត។
* សិង្ហបុរី មានទៅមកទីក្រុងសាំងហ្កាពួរ។
* ម៉ាឡេស៊ី មានទៅមកទីក្រុងកូឡាឡាំពួរ។
* ជប៉ុន មានទៅមកអាកាសយានដ្ឋានណារីតា នៃទីក្រុងតូក្យូ។
* ហ្វីលីពីន មានទៅមកទីក្រុងម៉ានីល និងទីក្រុងសេប៊ូ នៃកោះសេប៊ូ។
* មីយ៉ាន់ម៉ា មានទៅមកទីក្រុងយាំងហ្កន និងណៃពិដោរ។
* ឥណ្ឌូនេស៊ី មានទៅមកទីក្រុងហ្សាកាតា។
* តួកគី មានទៅមកទីក្រុងអ៉ីស្ដង់ប៊ូល។
* អារ៉ាប់រួម មានទៅមកទីក្រុងឌូបៃ និងអាបូដាប៊ី។ រួមទាំងគោលដៅជាច្រើនទៀត។

លោក គង់ សុភារក្ស បានបន្តថា ក្នុងចំណោមនោះមានក្រុមហ៊ុនចំនួន ៤៩ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅនានា និងពីគោលដៅនានាមកកាន់កម្ពុជា ក្នុងនោះមានក្រុមហ៊ុនកម្ពុជាចំនួន ៦ក្រុមហ៊ុន។

លោក គង់ សុភារក្ស បានបន្ថែមទៀតថា ជើងហោះហើរត្រង់ដែលហោះចូលប្រទេសកម្ពុជាមានប្រមាណ ៨៣០ជើង ក្នុងមួយសប្ដាហ៍ ខណៈការហោះហើរក្នុងស្រុកមាន ១៥៣ជើង ក្នុងមួយសប្ដាហ៍។ បើតាមការបញ្ជាក់របស់លោក ចាប់ពីខែធ្នូ ឆ្នាំ២០១៩តទៅ គោលដៅដែលត្រូវបើកការហោះហើរត្រង់ជាមួយកម្ពុជានឹងមានការកើនឡើងបន្តទៀត។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បាននិងកំពុងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្សេងទៀត ពង្រីកគោលដៅហោះហើរត្រង់បន្ថែមទៀតទៅកាន់ប្រទេស ខេត្ត និងទីក្រុងអន្តរជាតិផ្សេងទៀត ដូចជា ខេត្ត និងទីក្រុងមួយចំនួនទៀតរបស់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ស្រីលង្កាជាដើម៕