(ព្រះវិហារ)៖ ខ្យងមាស ឫខ្យងថៃ ដែលយើងតែងតែសង្កេតឃើញកើតមាននៅតាមស្រែប្រជាពលរដ្ឋ នៅតាមអូរ និងនៅតាមបឹងនោះ ជាប្រភេទខ្យងម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរយើង មិនហ៊ានចាប់យកទៅបរិភោគនោះទេ ដោយសារតែខ្លាចពុល។ តែពេលនេះ ខ្យងប្រភេទនេះ ត្រូវបានឈ្មួញថៃ ហ៊ានទិញក្នុង ១គីឡូ ៧៥បាត ស្មើនិង ១០០០០រៀលឯណោះ។

លោក ចាប ឌឿន អាយុ៣៧ឆ្នាំ រស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ថា ខ្យងដែលទិញយកមកលក់ឲ្យឈ្មួញថៃនេះ គឺបាននាំមកពីខេត្តព្រៃវែងឯណោះ ដែលតម្លៃជាទូទៅគាត់ទិញពីប្រជាពលរដ្ឋតម្លៃ ៨០០០រៀល ហើយយកមកលក់ឲ្យឈ្មួញថៃនៅច្រកអានសេះ គឺមានតម្លៃ ៧៥បាត ស្មើនិង១០០០០រៀល។

លោក ចាប ឌឿន បានបញ្ជាក់ឲ្យដឹងទៀតថា ខ្យងដែលទិញពីប្រជាពលរដ្ឋ មកលក់ឲ្យឈ្មួញថៃនៅច្រកអានសេះនេះ គឺបានស្ងោរយ៉ាងឆ្អិន និងឆ្កឹះយកតែសាច់ក្បាលទេ ដោយក្នុងខ្យងរស់ ១០គីឡូ គឺស្ងោរឆ្កឹះបានតែសាច់ ១គីឡូប៉ុណ្ណោះ។ លោកបញ្ជាក់ថា រយៈពេល ៣ថ្ងៃ លោកអាចនាំសាច់ខ្យងយកមកលក់ឲ្យឈ្មួញថៃបានប្រហែល ៤០០ទៅ ៥០០គីឡូដែរ បានជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតផងដែរ។

ដោយឡែក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា ខ្យងមាស ឫខ្យងថៃនេះ កន្លងមកខាងមន្ទីរកសិកម្ម បានទិញពីប្រជាពលរដ្ឋយកទៅកំទេចចោល ដោយសារខ្យងនេះបានកាត់បំផ្លាញស្រូវនៅក្នុងស្រែរបស់គាត់។

ស្របពេលនិងប្រភេទខ្យងនេះ មានទីផ្សារមានឈ្មួញថៃ ទទួលទិញបែបនេះ លោកសូមអំពាវនាវឲ្យប្រជាកសិករយើង គួរប្រមូលចាប់ខ្យងនេះនៅក្នុងស្រែរបស់យើង ស្ងោរឆ្កឹះយកសាច់លក់ឲ្យឈ្មួញដើម្បីយកថវិកាដោះស្រាយជីវភាពប្រចាំថ្ងៃ៕

Advertising