(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ធ្លាប់ជាប់ពន្ធនាគារក្នុងប្រទេសរបស់ខ្លួន រយៈពេល៣ឆ្នាំ ពីបទលួច ពេលនេះជាប់ខ្នោះកម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោយលួចគាស់ទ្ទារផ្ទះលើកយកទូរដែក ដែលមានលុយដុល្លារ និងគ្រឿងអលង្ការមួយចំនួន នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌមានជ័យ ខណៈជនរងគ្រោះមិននៅផ្ទះ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជនជាតិចិនរូបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ក្នុងបូរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ P06 ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ខណៈរូបគេបម្រុងធ្វើសកម្មភាពនៅទីនេះ។

លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌ បានបញ្ជាក់ថា ជនជាតិចិនសង្ស័យឈ្មោះ CHE SHAO DONG អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធធានាគារនៅប្រទេសចិន៣ឆ្នាំ ពីបទលួច។ ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកអធិការរង បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន ដែលជាប់សង្ស័យលួចគាស់ទ្វារផ្ទះជនរងគ្រោះលើកយកទូរដែក ដែលមានលុយដុល្លារ និងគ្រឿងអលង្ការសរុបជាង ៨ម៉ឺនដុល្លារនេះ ដើម្បីសាកសួរទៅតាមជំនាញប៉ុន្មានម៉ោងក្រោយគេ (ជនសង្ស័យ) បានឆ្លើយសារភាពថា ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ នៅប្រទេសចិន ពីបទលួច។

ដោយឡែក ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ចំពោះសម្ភារបាត់បង់រួមមាន៖ ទូដែក១ មានលុយ និងគ្រឿងអលង្ការមួយចំនួន, ប្រាក់ដុល្លារ ចំនួន ៤ម៉ឺនដុល្លារ, សរុបជាង ៨ម៉ឺនដុល្លារ, ប្រាក់រៀល ២លានរៀល ប៉ុន្តែជាក់ស្ដែង ក្រោយពីឃាត់ខ្លួនជនជាតិចិននេះ សមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន ដែលពាក់ព័ន្ធសកម្មភាពចោរកម្ម ដូចជា៖ ឧបកណ៍ផ្សាដែក១ (ប៉ុស្តិ៍ផ្សារ), ញញួ១, ព្រលៀក១, ស្រោមដែ១គូរ, និងកាបូប២។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌឫស្សីកែវ កំពុងធ្វើការសួរនាំបន្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕